សង្គម

ជំនួបឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងសហគ្រាសចិន ស្ដីពីឱកាសវិនិយោគនៅកម្ពុជា

នៅថ្ងៃទី 6 ខែមិថុនាឆ្នាំ 2023 ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារៈកិច្ច ជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់ អភិបាលកិច្ចបានទទួលជួបជាមួយ នឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នកគ្រប់គ្រង និងសមាជិក តំណាងដោយលោក ដាយយូរមីង (Dai Youming) នៃក្រុមហ៊ុន ផោវ័រឆាយណាអុីនធ័រណេស្សិនណលគ្រុប (power China international Group) ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការថ្លែងអំណរគុណ ពីសំណាក់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគណៈប្រតិភូសហគ្រាសចិន
ដែលបានមកសិក្សា ពីឱកាសធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីអនុញ្ញាតឱ្យគណៈប្រតិភូចិន ធ្វើការដំណែនាំអំពីសហគ្រាសរបស់ខ្លួន និងបង្ហាញគោលបំណង នៃការសិក្សាអំពីឱកាស វិនិយោគនៅកម្ពុជា ឯកឧត្តម ព្រាប កុល បានផ្ដល់ការណែនាំអំពីចក្ខុវិស័យ នៃរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេស ទទួលបានពីការវិនិយោគនៅកម្ពុជា។ ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ជកម្ម ដោយសារកម្ពុជាធានាបាន នៅស្ថេរភាពនយោបាយ មានហេដ្ឋារចនាសម្ព័ន្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។

គណៈប្រតិភូសហគ្រាសចិន បានថ្លែងអំណរគុណដល់ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស និងឱកាសសម្រាប់ការ ជួបពិភាក្សានៅថ្ងៃនេះ។ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បន្តជួយគាំទ្រ និងសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាស វិនិយោគនៅកម្ពុជា រហូតដល់ក្រុមហ៊ុនអាចបោះទុន វិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ច នៅកម្ពុជានាពេលអនាគត៕