តបតាមសំណើរបស់ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនា តាមប្រព័ន្ធទូរសព្ទ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតី បានរំលឹកសារជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្ពុជា ដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិក សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ។ ឯកឧត្តម បានធ្វើការកោតសរសើរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលបានអនុញ្ញាតឲ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ ចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់កម្ពុជា ចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន ។
សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយ ដែលបានជួបសន្ទនាតាមប្រព័ន្ធទូរសព្ទជាលើកទី២ ជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្តត់ធ្ងន់ អំពីសារសំខាន់ នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន សម្តេចតេជោ បានស្វាគមន៍ និងអបអរសាទរការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់សារជាថ្មី ពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន ផងដែរ ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណជូនសម្តេចតេជោ ចំពោះជំនួបតាមទូរសព្ទដ៏រាក់ទាក់នេះ ហើយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយឯកឧត្តម បានជូនពររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទទួលបានសន្តិភាព និងវិបុលភាពជានិរន្តរ៍ ៕