សង្គម

ដីព្រៃជាង ៤០ហិចតា ត្រូវបានបុគ្គលមានលុយ មានអំណាចមួយចំនួន កាប់ទន្ទ្រាន ខណៈអាជ្ញាធរខេត្តពោធិ៍សាត់ មិនទាន់មានវិធានការទប់ស្កាត់

ខេត្តពោធិ៍សាត់÷ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថាមានបុគ្គលមួយចំនួន មានលុយមានអំណាច បានកាប់ទន្ទ្រានដីព្រៃ គឺជាដីឧទ្យានទេសចរណ៍អូដា នៅចំណុចល្អាងម្នាស់ជាប់នឹងអូដា ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ នេះបើតាមប្រភពដែលបណ្ដាលសារព័ត៌មានទើបទទួលបាន។

មហាជនក៏បានលើកឡើងថា ការកាប់ទន្ទ្រាននេះ គឺកាប់តាំងពីខែ ១១ ឆ្នាំ ២០២២ មកម៉្លេះ មកទល់ពេលនេះមិនទាន់ឃើញមន្ត្រីបរិស្ថាន ដែលមានស្នាក់ការនៅជិតនោះ ចុះទៅទប់ស្កាត់ឡើយ។

លោក សន ប៊ុនឈាង មេភូមិវាលវង់ នឹងលោកមេឃុំរកាត បានបង្ហើបប្រាប់មក បណ្តាញសារព័ត៌មានយើងថា ចំណុចនឹងនៅក្រោមការគ្រប់គ្រងរបស់បរិស្ថាន ហើយការកាប់ទន្ទ្រាននៅទីតាំងនោះ លោកក៏បានដឹងដែរ ហើយលោកក៏ធ្លាប់បានរាយការណ៍ទៅលោក ហេង សុភាណាអភិបាលស្រុកភ្នំក្រវាញដែរ ក្នុងពេលដែលប្រជុំ គណៈបញ្ជាការឯកភាពម្ដងៗ លោកតែងតែលើកសកម្មភាពទាំងនោះមកនិយាយដែរ។

ជុំវិញនិងករណីខាងលើនេះ លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ លោកបានថ្លែងថា ពាក់ព័ន្ធករណីខាងលើនេះ លោកក៏បានដឹង ហើយលោកកំពុង តែវែករកបុគ្គលដែលរុកទន្ទ្រានដីព្រៃទាំងនោះ មកចាត់វិធានការតាមផ្លូវច្បាប់មិនថាមានខ្សែមានខ្នងអ្វីទេ ឬក៏ពាក់ព័ន្ធនឹងមន្ត្រីរបស់លោកក៍ដោយ។

ជុំវិញករណីខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌាព្យាយាមទំនាក់ទំនងទៅលោក វុធ ប្រធានស្នាក់ការឧទ្យានជាតិជួរភ្នំប្រវាញកណ្ដាល ដែលប្រចាំការនៅទីនោះដែរ តែទាក់ទងមិនបានឡើយ។

លោក គង់ ពុទ្ធារា៉ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់មកបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ថាសូមជួយបាញ់រូបភាពនៅទីតាំងនោះឲ្យលោកៗ នឹងចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យមើល។

ចំណែកលោកឯកឧត្តម សាយ សុជាតិ អភិបាលនៃគណៈអភិបាលរងខេត្តពោធិ៍សាត់ ទទួលផ្នែកបរិស្ថាន លោកថាជុំវិញករណីខាងលើនេះ លោកមិនបានដឹងឡើយចាំលោកទំនាក់ទំនងទៅខាងមន្ត្រីរបស់លោកសិន៕

ដោយ:ប៊ន សំណាង(ភ្នាក់ងារយកព័ត៌មានប្រចាំខេត្តពោធិ៍សាត់)
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299