បន្ទាប់ពីមានការចុះផ្សាយព័ត៌មានមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក ពីករណីស្ត្រីជនជាតិចិនម្នាក់ដើរចាប់ក្មេង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការស្រាយបំភ្លឺ និងបដិសេធចំពោះករណីនេះ។
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុសព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឱ្យមានភាពអសន្តិសុខ វឹកវរដល់សង្គមជាតិ ថាមានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេង តាមពិតជាក់ស្តែងករណីនេះមិនមែនជាការពិតនោះទេ។
បន្ទាប់ពីបានឃើញព័ត៌មាននៅតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការផ្សព្វផ្សាយដើម្បីសហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាំង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវនឹងនាំខ្លួនស្ត្រីជាជនជាតិចិន ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ក្រោយធ្វើការសួរនាំស្ត្រីជនជាតិចិន បានបញ្ជាក់ថាបានវង្វេងបាត់កូនប្រុស នៅផ្សារធំថ្មី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។ ប្រធានផ្សារធំថ្មី បានឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា ៣ឆ្នាំ វង្វេងនៅផ្សារថ្មី រកឪពុកម្តាយមិនឃើញ ទើបសមត្ថកិច្ចបានទាក់ទងទៅអង្គការមិត្តសំឡាញ់ ដើម្បីទទួលយកកូននោះទៅធ្វើការថែទាំ ។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ មន្ត្រីជំនាញបានធ្វើការខលទាក់ទងទៅម្តាយនៅប្រទេសចិន ដើម្បីសុំការបំភ្លឺ ស្ត្រីជាម្តាយបានបញ្ជាក់ថា ស្ត្រីម្នាក់ និងក្មេងប្រុសនេះ ពិតកូនស្រី និងចៅប្រុសរបស់គាត់ ហើយគាត់បានបញ្ជាក់បន្ថែមថា កូនស្រីរបស់គាត់ពិតជាមានបញ្ហាខួរក្បាលជាច្រើនឆ្នាំមកហើយ ( ជំងឺសរសៃប្រសាទ ) មានការភ្លេចភ្លាំង និងវង្វេង ជាញឹកញាប់។
ក្រោយពីធ្វើការសាកសួរចប់សមត្ថកិច្ចជំនាញ បានទាក់ទងរាយការណ៍ទៅកាន់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជារៀបចំឯកសារពាក់ព័ន្ធ អនុវត្តនីតិវិធីបន្ត បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជា៕