យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post មន្ត្រីខេត្តស៊ីសាកេត (Sisaket) ចង់ស្នើឱ្យកម្ពុជាបើកឡើងវិញនូវច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ គឺខេត្តស៊ីសាកេត បន្ទាប់ពីការផ្អាកអស់រយៈពេល១៥ឆ្នាំ ដោយសារជម្លោះព្រំដែនក្នុងតំបន់លើទឹកដីដែលប្រទេសទាំង២ ទាមទារ។
ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសាចំពោះការបើកឡើងវិញនូវច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ គឺខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ ទាហានរាប់ពាន់នាក់មកពីប្រទេសទាំងពីរនៅតែឈរជើងនៅតាមព្រំដែនក្នុងខេត្តស៊ីសាកេត អ៊ូប៊ុនរ៉ាត់ថានី និងសុរិន្ទ្រ ការល្បាតត្រូវបានដាក់ពង្រាយរៀងរាល់១០ ទៅ១៥ម៉ែត្រ។ កាលពីឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានទាមទារឱ្យភាគីទាំងពីរដកកងប្រដាប់អាវុធដែលឈរជើងនៅមុខប្រាសាទព្រះវិហារខាងភាគីកម្ពុជា។ ទោះជាយ៉ាងណា សេចក្តីសម្រេចរបស់តុលាការបានអនុញ្ញាតឱ្យថៃ និងកម្ពុជាដាក់ពង្រាយកម្លាំងល្បាតតាមព្រំដែននៅតាមព្រំដែនខាងក្រៅ។
ទោះបីជាសេចក្តីសម្រេចរបស់ ICJ បានបញ្ជាក់ថា ប្រទេសថៃ និងកម្ពុជាគួរតែស្វែងរកកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីអភិវឌ្ឍតំបន់ជុំវិញប្រាសាទព្រះវិហារក៏ដោយ ក៏មិនមានការកែលម្អអ្វីឡើយចាប់តាំងពីបទឈប់បាញ់កាលពីឆ្នាំ២០១១។ ប្រភពពីអ្នកស្រុក បានឱ្យដឹងថា មានការប៉ុនប៉ងជាច្រើនពីប្រទេសថៃក្នុងការចាប់ដៃជាមួយកម្ពុជា ក្នុងការបើកទេសចរណ៍ឡើងវិញជុំវិញបរិវេណប្រាសាទ។ ជាឧទាហរណ៍ អភិបាលខេត្ត អូរប៊ុន រាជធានី Ubon Ratchathani មួយរូបបានស្នើឱ្យកម្ពុជាអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារតាមច្រកចូលស៊ីសាកេត។ ប៉ុន្តែ សំណើនេះត្រូវបានច្រានចោលទាំងស្រុងពីសំណាក់មន្ត្រីកម្ពុជា ដែលបានលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច។
ទន្ទឹមនឹងនោះ ភាគីថៃបានលើកឡើងថា ដំណោះស្រាយដ៏មានសុទិដ្ឋិនិយមក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនរវាងថៃ និងកម្ពុជា គឺការអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅទស្សនាប្រាសាទព្រះវិហារតាមច្រកនៃខេត្តស្រីស្លាកែត(ស៊ីសាកេត) ហើយថៃនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរពីកម្ពុជាចូលទៅកាន់តំបន់ផ្ទះក្រហម Pha Mor E-Daeng ក្នុងឧទ្យានជាតិភ្នំព្រះវិហារ Khao Phra Viharn ឡើងវិញផងដែរ។ ភាគីថៃបានបន្តទៀតថា៖ «ប្រសិនបើកម្ពុជាអនុញ្ញាតឱ្យចូលទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ វានឹងផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរ និងទាក់ទាញមនុស្សឱ្យមកទស្សនាកាន់តែច្រើន។ ដូច្នេះ [ថៃ និងកម្ពុជា] គួរតែរួមដៃគ្នា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍»៕