សង្គម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋាននៅដើមខែមិថុនា

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយពេលសាងសង់រយៈពេល៤ឆ្នាំ ក្នុងទំហំទឹកប្រាក់១៤០០លានដុល្លារ ដែលផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះមានប្រវែងចំនួន១៣៥គីឡូម៉ែត្រ។ ស្ថិតក្នុងគម្រោងនេះ ក្រសួងសាធារណការក៏នឹងកសាងស្ពានឆ្លងទន្លេមេគង្គប្រវែង២២៥០ម៉ែត្រដែលតភ្ជាប់ពីផ្លូវល្បឿនលឿន ទៅស្រុកល្វាឯម ដោយប្រើថវិកាជាតិ។

បើតាមលោក រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃខាងមុខទៀត ក្រសួងសាធារណការនឹងបន្តសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីក្រុងបាវិតទៅក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកថ្លែងថា៖«យើងធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ៤ឆ្នាំ ធ្វើឱ្យទាន់ពេលវេលាភាគីវៀតណាមសាងសង់ផ្លូវល្បឿនលឿនពីហូជីមិញ ទៅម៉ុកបៃ ដែលតភ្ជាប់ជាមួយក្រុងបាវិត។ យើងកំពុងតែឱ្យក្រុមការងាររបស់យើងទៅបញ្ជាក់ជាមួយវៀតណាម នៅទីតាំងតភ្ជាប់(ក្រុងបាវិត-ហូជីមិញ)ពីចំណុចណា ដែលយើងបានចុះហត្ថលេខាMOU គ្នារួចហើយតាំងពីឆ្នាំ២០១៧»។

លោកបានអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងជួយឱ្យមានកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម និងរវាងវៀតណាម និងថៃ។ លោកបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ នឹងជួយឱ្យការដឹកជញ្ជូនទំនិញចំណេញពេលវេលា។

ចំពោះគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រុមហ៊ុនចិននឹងគ្រោងបញ្ចប់ការសិក្សាគម្រោងនៅចុងខែឧសភានេះ ហើយក្រសួងសាធារណការសង្ឃឹមថា ការសិក្សានេះនឹងអាចឈានដល់ការចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាបឆាប់ៗខាងមុខនេះ៕