សង្គម

គ.ជ.ប បដិសេធ​សំណើ​សុំ​ចុះ​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ ក្នុងការបោះឆ្នោតឆ្នាំ២០២៣

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា ​គ.ជ.ប នៅ​ថ្ងៃ​ចន្ទ​​ (១៥ ឧសភា) បាន​បដិសេធ​សំណើ​សុំ​ចុះ​ឈ្មោះ​របស់​គណបក្ស​ភ្លើង​ទៀន​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​។

​​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ គ.ជ.ប បញ្ជាក់​ថា៖ «បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នី​តិកាល​ទី​៧ ឆ្នាំ​២០២៣ ​របស់​គណ​បក្ស​ភ្លើងទៀន​ ដែល​មាន​២៥​មណ្ឌល​រាជធា​នី​ខេត្ត ដោយ​មូលហេតុគណបក្ស​ភ្លើង​ទៀន​មិន​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រកាស​ស្តីពី​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួងមហាផ្ទៃ​ដែល​មាន​បញ្ជាក់​នីត្យា​នុកូល​កម្ម»។

កាល​ពី​ពេល​កន្លង​ទៅ ​គ.ជ.ប បាន​ទាម​ទារ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​ដាក់សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​បញ្ជាក់​នីត្យា​នុ​កូលកម្ម​ ដោយ​រដ្ឋ​បាល​រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ចំនួន​មួយ​ច្បាប់។ ហើយឯក​សារ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ដើម ​ដែល​ស្ថាប័ន​ គ.ជ.ប ​ទាមទារ​ គឺ​បាន​បាត់​អំឡុង​ពេល​តុលាការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន៕