សង្គម

ក្មេងស្រីម្នាក់ស្លាប់ដោយសារអគ្គិសនីឆក់ក្នុងអាងទឹកសួនច្បារមុខផ្សារទំនើបអូឡាំព្យា

កុមារីម្នាក់បានចុះលេងទឹកក្នុងអាងទឹកសួនច្បារទល់មុខផ្សារទំនើបអូឡាំព្យាកាលពីយប់ម៉ោង៧ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នៅមុនពេលកើតហេតុ គេឃើញមានក្មេងប្រុសស្រីជាច្រើននាក់បានមកលេង និងងូតទឹកនៅអាងទឹកសួនច្បារនោះ រួចហើយមានក្មេងស្រីម្នាក់បានចុះទៅលេងនៅពាក់កណ្តាលអាងទឹក ស្រាប់តែចរន្តអគ្គិសនីឆក់បណ្តាលឱ្យរឹងខ្លួន បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាជួយស្រង់កុមារីជនរងគ្រោះ និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលក្មេងស្រីនោះក៏បានបាត់បង់ជីវិត។

សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងកើតហេតុ និងបានឃើញថាមានខ្សែភ្លើងដាច់រលាត់ ហើយបានកោសល្យវិច្ឆ័យលើសាកសពក្មេងស្រីនោះថាពិតជាបានស្លាប់ដោយសារតែឆក់អគ្គិសនីពិតប្រាកដមែន។ សមត្ថកិច្ចបានប្រគល់សពក្មេងស្រីឱ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

កន្លងមក សន្តិសុខដែលយាមនៅមុខផ្សារទំនើបអូឡាំព្យាតែងតែបានឃាត់ក្មេងៗដែលមកលេងទឹកនៅក្នុងសួនច្បារមុខផ្សារទំនើបមួយនេះជារឿយៗ ខណៈនៅក្នុងអាងទឹកមានបំពាក់អំពូលភ្លើងដើម្បីលម្អអាងទឹកសួនច្បារនោះ៕