សង្គម

ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន នឹងធ្វើ​ឲ្យ​កម្ពុជាមានភ្លៀងធ្លាក់ លាយ​ឡំដោយ​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

បើតាមការប្រកាស​របស់ក្រសួង​ធនធានទឹក និង​ឧតុនិយមឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយសារតែទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ព្រមទាំង​ឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៧-៣៩អង្សាសេ។ ដោយឡែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៦- ៣៨ អង្សាសេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទាំងពីរ​មានភ្លៀងធ្លាក់ដោយផ្នែក ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំ ដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៣-៧។

រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៤អង្សាសេ ស្ថានភាពបែបនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧។ ទន្ទឹមនឹងនោះ តំបន់ទាំងបីនឹងមានស្ថានភាពភ្លៀងកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅថ្ងៃទី៨ផងដែរ៕