អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ករណីបាក់ច្រាំងក្នុងស្រុកស្អាងមានបណ្តោយប្រវែង ២០០ម៉ែត្រ ដែលធ្វើឱ្យផ្ទះចំនួន ៤០ខ្នងរងផលប៉ះពាល់ ស្មើនឹង ២១គ្រួសារ ក្នុងនោះមានផ្ទះពលរដ្ឋចំនួន ២ខ្នងរលំចូលក្នុងទឹកទាំងស្រុង ២៨ខ្នងរងប៉ះពាល់ធ្ងន់ធ្ងរ ហើយ១០ខ្នងទៀតរងប៉ះពាល់ស្រាល។
លោក សុទ្ធ គីមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា ភាគច្រើនផ្ទះដែលរងផលប៉ះពាល់ គឺជាប្រភេទផ្ទះដែលប្រកបមុខរបរលក់លក់ដូរ និងអាជីវកម្ម។ បើតាមអ្នកនាំពាក្យរូបនេះ ភ្លាមៗកម្លាំងអាជ្ញាធរប្រមាណ ៤៥០នាក់បានមកជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋដែលរងគ្រោះ។
បើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកណ្តាល ករណីបាក់ច្រាំងនេះគឺបណ្តាលមកពីទឹកទន្លេបានស្រកចុះដែលធ្វើឱ្យមានការទាញដីចុះបណ្តាលផ្ទះនៅតាមច្រាំងបាក់ស្រុត ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំងដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាជម្រាកៗ។
រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ដូច្នេះថា៖«ស្ថានភាពដី មានភាពមិនប្រក្រតី ធ្វើឱ្យសំណង់លំនៅឋាននៅតែបន្តបាក់ (ស្ថានភាពដីបានស៊ីរូងចូលផ្នែកខាងក្រោមនៃសំណង់លំនៅឋាន។ ក្នុងករណីការបាក់ស្រុតនៅតែបន្តកើតមាន ប្រជាពលរដ្ឋមិនអាចរស់នៅ និងបន្តការប្រកបអាជីវកម្មនៅលើទីតាំងដែលមានហានិភ័យនេះបានឡើយ ព្រោះវាអាចបង្កឱ្យកើតមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ»៕