រដ្ឋបាលខេត្តព្រះសីហនុបានចេញច្រានចោលទាំងស្រុងចំពោះការផ្សាយររបស់សារព័ត៌មានបរទេសមួយឈ្មោះ BBC ក្រោមចំណងជើងថា “Pig Butchering Romance Scam” កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។
សេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៨ មេសា បានឱ្យដឹងថា សារព័ត៌មានបរទេសឈ្មោះ BBC បានចាក់ផ្សាយនូវវីដេអូមួយមានរយៈពេល ៤៧នាទី និងមានចំណងជើងថា “Pig Butchering Romance Scam” ដោយបានអត្ថាធិប្បាយអំពីស្ថានភាពរងគ្រោះរបស់ជនជាតិចិនចំនួន ០៤រូប ដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ តាមរូបភាពមនោសញ្ចេតនា និងភាពរងគ្រោះដោយអំពើបង្ខាំង និងទារុណកម្មបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ នៅទីតាំងឈ្មោះ ហ័ងឡឹ នៃខេត្តព្រះសីហនុ។
លិខិតដដែលគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវបញ្ជាក់ព័ត៌មានររបស់អគ្គស្នងការដ្ឋាននគរបាលជាតិវីដេអូ រយៈពេល៤៧នាទី ដែលបានចាក់ផ្សាយដោយសារព័ត៌មានខាងលើនេះ គឺជាព័ត៌មានពុំមានប្រភព និងមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់សភាពការណ៍ចាស់ៗដែលបានកើតឡើងនាពេលកន្លងមកដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបទាន់ពេលវេលារួចមកហើយ។
វីដេអូនោះមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុបានខិតខំប្រឹងប្រែងទប់ស្កាត់ និងលុបបំបាត់អំពើជួញដូរមនុស្សលើគ្រប់ទម្រង់ ព្រមទាំងបានទាញនូវសេចក្តីសន្និដ្ឋាន ហើយចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើអាជ្ញាធរខេត្តព្រះសីហនុ។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យជាប់ជាប្រចាំ ក្នុងគោលបំណងទប់ស្កាត់ឱ្យទាន់ ពេលវេលានូវការប្រើប្រាស់ភូមិសាស្ត្រខេត្តដើម្បីធ្វើសកម្មភាពជួញដូរ និងបង្ខាំងមនុស្ស ដើម្បីបង្ខំអោយ ប្រព្រឹត្តនូវសកម្មភាពខុសច្បាប់ណាមួយ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ខ្លួននឹងរង់ចាំទទួលព័ត៌មានក៏ដូចជាដោះស្រាយនូវរាល់បណ្ដឹងនានាពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលមានសុច្ឆន្ទៈ ចូលរួមចំណែកក្នុងការជួយបង្កលក្ខណៈសម្បត្តិល្អប្រសើរ ដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ សំដៅលើកកម្ពស់សុខសុវត្ថិភាព សក្ដានុពលវិនិយោគ និងទេសចរណ៍ជាពិសេស ការផ្លាស់ប្តូរទស្សនៈអវិជ្ជមាននាពេលកន្លងមក៕