សង្គម

ក្រសួងសុខាភិបាល ត្រៀមគ្រូពេទ្យជាង៨០០នាក់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES

ក្រសួងសុខាភិបាលត្រៀមក្រុមគ្រូពេទ្យចំនួន ៨៣៣នាក់ ក្នុងនោះរាជធានីភ្នំពេញចំនួន ៤៥៧នាក់ ដើម្បីរៀបចំការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមរយៈសេចក្តីជូនដំណឹងចេញផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ក្រសួងបានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) នាពេលខាងមុខ ក្រសួងសុខាភិបាលបាន សហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ និងមានការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់»។

ក្រសួងក៏បានត្រៀមមន្ទីរពេទ្យជាតិចំនួន០៧ រួមមាន៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព, មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ទន្ទឹមនឹងនោះក៏មាន មន្ទីរពេទ្យបង្អែកខេត្តចំនួន០៤ ក្នុង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបផងដែរ។ បន្ថែមលើសនេះក្រសួងក៏បានត្រៀម រថយន្តគិលានសង្គ្រោះចំនួន ១១៤គ្រឿង ដោយក្នុងនោះរាជធានីភ្នំពេញចំនួន ៧២គ្រឿង, រថយន្តគ្លីនិកចល័តចំនួន ០៩ គ្រឿង ក្នុងរាជធានីភ្នំពេញចំនួន ០៦គ្រឿង និងតង់សុខភាពចំនួន ១១តង់ ក្នុងរាជធានីភ្នំពេញចំនួន ០៧តង់ ផងដែរ៕