សង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យឃាត់ខ្លួនអធិការរង​ស្រុកបាភ្នំ ករណីផ្ទុះអាវុធ បណ្តាលឲ្យ​ប្រជាពលរដ្ឋម្នាក់រងរបួស

អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការ នគរបាលខេត្តព្រៃវែង ឃាត់ខ្លួនលោក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមច្បាប់ករណីផ្ទុះអាវុធ បណ្តាលឲ្យ ប្រជាពលរដ្ឋម្នាក់ រងរបួសធ្ងន់ ក្នុងពេលចុះបង្ក្រាបល្បែងជល់មាន់ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

អធិការរងស្រុកបាភ្នំ លោក ស៊ាង ប៊ុនណាល់ បានផ្ទុះអាវុធ ត្រូវប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅពេលចុះបង្ក្រាបកន្លែងជល់មាន់ ស្ថិតនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវគ្រាប់ ត្រង់ចង្កេះ បែកឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រាប់ បៀមជាប់ថ្លើមជ្រៅ ទើបគ្រូពេទ្យ មិនអាចវះកាត់ យកក្បាលគ្រាប់ចេញបាន ហើយកំពុងសម្រាក ព្យាបាលនៅមន្ទីពេទ្យជោរី ភ្នំពេញ។

អ្នកស្រី សួន សារឿន ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ថា «នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ នគរបាលស្រុកបាភ្នំ បួននាក់ បានចុះចាប់អ្នកជល់មាន់ ស្ថិតនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយលោកអធិការងម្នាក់ឈ្មោះ ស៊ាន ប៊ុនណាល់ អាយុ២៦ឆ្នាំ បានដកកាំភ្លើង បាញ់កូនប្រុសនាងខ្ញុំ ដែលអង្គុយលើ ម៉ូតូដែលលោកប៉ូលិស នៅក្បែរគាត់ ចំងាយប្រហែលមួយម៉ែត្រ ត្រូវចំចង្កេះខាង ក្រោយ ផ្នែកខាងឆ្វេង ធ្លុះឡើងទៅដល់គ្រាប់បៀមជាប់ថ្លើម ក្នុងខណ:ពេលដែល គាត់ បំរុងនឹងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យជោរី ភ្នំពេញ ដែលមានសភាពធ្ងន់ធ្ងរ។ ឥឡូវ កូនប្រុស និងក្រុមគ្រួសារ នាងខ្ញុំ កំពុងរង់ចាំការវះ នៅវេលាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។ ស្ថានភាពគ្រួសារ (ភរិយាទើបសម្រាលកូនបាន ២៥ ថ្ងៃ) ហើយលោកវេជ្ជ បណ្ឌិត បានអះអាងថា​ ជនរងគ្រោះ ត្រូវប្រឈមមុខនឹងពិការភាព អស់មួយ ជីវិត»។

យ៉ាងណាក៏ដោយ បើយោង​តាម​លិខិត​របស់​លោក ប្រាក់ ចាន់ថេត ស្នងការរងនគរបាលខេត្ត​ព្រៃវែង ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២៣ ដែលបានជម្រាបជូន​លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឃាត់ខ្លួន​លោក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ យកទៅ​សួរនាំហើយ​ជុំវិញ​ករណីផ្ទុះ​អាវុធ​ក្នុង​ពេល​ចុះ​បង្រ្កាបល្បែងបញ្ជល់មាន់​នៅ​ភូមិ​គ្រោះ ឃុំ​ឈើកាច់ កាលពីថ្ងៃទី១៥ ខែមេសា ដែលបណ្តាល​ឱ្យ​ពលរដ្ឋ​ម្នាក់រងរបួសធ្ងន់​នោះ៕