សង្គម

ផ្ទុះអាវុធមួយប្រាវពេលសមត្ថកិច្ចឡោមព័ទ្ធ ស្លាប់ចោរ២នាក់ និង​របួសសមត្ថកិច្ចម្នាក់

កាលពីវេលាម៉ោង​ប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២៣នេះ បានករណីផ្ទុះអាវុធតដៃគ្នា​រវាងសមត្ថកិច្ច និង​ក្រុមចោរ ដោយ​បណ្តាល​ឲ្យ​ចោរចំនួន២នាក់ស្លាប់ និងរបួសសមត្ថកិច្ចម្នាក់ នៅ​ចំណុច​ខាងកើតវត្តអង្គតាមិញ ក្នុង​ភូមិ​គោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសចំជើង។ នៅពេលនោះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឲ្យជនល្មើស២នាក់ស្លាប់នៅកន្លែងតែម្ដង។