គ្រោះថ្នាក់ចរាចរណ៍លើពលករខ្មែរនៅថៃ បណ្តាលឱ្យពលករខ្មែរបាត់បង់ជីវិតចំនួន៨នាក់ និង៧នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ គិតត្រឹមរសៀលថ្ងៃទី១០ មេសានេះ។ គ្រោះថ្នាក់ចរាចររវាងរថយន្តដឹកអ្នកដំណើរដែលជាប្រជាពលករខ្មែរ និងរថយន្តកុងតឺន័រ នៅខេត្តជលបុរី (ឈុនបុរី ប្រទេសថៃ) កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ ករណីនេះ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក បានសំដែងក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា និងអះអាងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានបញ្ជាក់ថា «ស្ថានទូតកំពុងដុតដៃដុតជេីងធ្វេីការជាមួយអាជ្ញាធរថៃ រង់ចាំរបាយការណ៍ជាក់លាក់ និងលម្អិតពីនគរបាលថៃ ក៏ដូចជាមន្ទីរពេទ្យថៃដែលជនរងគ្រោះត្រូវបានបញ្ចូនទៅសម្រាកព្យាបាល»។
ដោយឡែក លោក សេក សុខុម មន្ត្រីនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយពីអាជ្ញាធរភាគីថៃ លើករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពលករខ្មែរនេះទេ ប៉ុន្តែ លោកអាចជម្រាបបានថា នៅខេត្តបន្ទាយមានជ័យបច្ចុប្បន្ន មានបងប្អូនពលករខ្មែររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ បានធ្វើដំណើរសម្រុកវិលត្រឡប់ចូលមកមាតុប្រទេសវិញ ក្រោយជាប់គាំងដោយសារជំងឺកូវីដ-១៩ រាតត្បាតកន្លងមកនោះ ចំពោះព័ត៌មានច្បាស់ការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ លោកនឹងផ្តល់ជូននៅពេលក្រោយ៕