ថ្លែងនៅក្នុងសុន្ទរកថាលើកទីពីររបស់ខ្លួនស្តីពីស្ថានភាពទន្លេមេគង្គ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីដើមសប្តាហ៍នេះ នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបរាប់ពីការប្រឈមរបស់ទន្លេមេគង្គដែលមាននិន្នាការ «ដ៏គួរឱ្យព្រួយបារម្ភ» ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនប្រាំ រួមមាន របបរំហូរទឹក កំណកកករ ការជ្រៀតចូលរបស់ទឹកប្រៃ ការបំពុលដោយប្លាស្ទីក និងទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារការប្រែប្រួលអាកាសធាតុ បើទោះជាវាមានវឌ្ឍនភាពប្រកបដោយអត្ថន័យ ដើម្បីការពារទន្លេដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ឱ្យកាន់តែប្រសើរឡើងក៏ដោយ។
ប្រភពពីលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គកម្ពុជា បានឱ្យដឹងថាកាលពីឆ្នាំមុន បណ្ឌិត អានុល័ក គិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គបានព្រមានពីគ្រោះហានិភ័យដែលរំហូរទឹកទាបរយៈពេលបួនឆ្នាំជាប់ៗគ្នា បានបង្កើតឱ្យមាន «បញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក» សម្រាប់ទន្លេ និងក្រុមគ្រួសារអ្នកនេសាទ និងកសិករដែលងាយរងគ្រោះ ដែលពឹងអាស្រ័យលើទន្លេនេះ។ ក៏ប៉ុន្តែបរិមាណភ្លៀងធ្លាក់ខ្លាំងជាងមុន និងការបញ្ចេញទឹកស្តុកទុកពីផ្នែកលើនៃទន្លេ បានធ្វើឱ្យបញ្ហាប្រឈមមានភាពធូរស្រាល នៅក្នុងរយៈពេលខ្លី តែបញ្ហាប្រឈមជាច្រើនទៀតនៅតែកើតមាន។
«តើខ្ញុំមានដំណឹងល្អដែរឬទេ នៅឆ្នាំនេះ? ចម្លើយគឺមាន និង គ្មាន» បណ្ឌិត គិធិឃួន បានប្រាប់ដល់មន្ត្រីជំនាញ អ្នកការទូត និងនិស្សិតមកពីបណ្តាលសាកលវិទ្យាល័យប្រចាំតំបន់ទន្លេមេគង្គរាប់រយនាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ និងសន្និសីទអន្តរជាតិលើកទី៤។ «នៅឆ្នាំ២០២២ គ្រោះរាំងស្ងួតបានថយចុះ ហើយយើងមានបរិមាណភ្លៀងធ្លាក់ច្រើនជាងមុន ក៏ប៉ុន្តែស្ថានភាពបរិស្ថាន នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន»។
យោងតាមការតាមដានរបស់គណៈកម្មការទន្លេមេគង្គ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គេបានសង្គេតឃើញថា រំហូរទឹកនារដូវប្រាំងមានកម្រិតខ្ពស់ជាងមុន ប៉ុន្តែវាមានកម្រិតទាបជាងនៅរដូវទឹកវស្សា។ ស្ថានភាពនេះ បានបង្ហាញច្បាស់បំផុតនៅបឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេបំផុត និងមានផលិតភាពខ្ពស់បំផុតនៅក្នុងតំបន់ ដែលត្រូវបានគេពណ៌នាថាជា «ចង្វាក់បេះដូងនៃទន្លេមេគង្គ»។ កាលពីខែធ្នូឆ្នាំមុន រំហូរទឹកចេញពីបឹងទន្លេសាប ទៅក្នុងទន្លេមេគង្គ មានបរិមាណត្រឹមតែពាក់កណ្តាលនៃកម្រិតរំហូរកាលពីឆ្នាំ១៩៩៥ ប៉ុណ្ណោះ។ បណ្ឌិត គិធិឃួន បានសង្កត់ធ្ងន់ថា «ខ្ញុំសូមនិយាយម្តងទៀតថា វាមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ»។
សម្រាប់កំណកល្បាប់វិញ ការបង្អាក់កករនៅផ្នែកខាងលើទន្លេ និងការបូមយកខ្សាច់ បានធ្វើឱ្យបរិមាណកំណកល្បាប់នៅតាមផ្នែកខ្លះៗ ធ្លាក់ចុះយ៉ាងច្រើន គឺចាប់ពីកម្រិត៦០ភាគរយ និង៩០ភាគរយ។ ប្រការនេះអាចប៉ះពាល់ដល់ផលិតភាពតំបន់លិចទឹក និងស្ថិរភាពច្រាំងទន្លេ។ បណ្ឌិត គិធិឃួន មានប្រសាសន៍ថា៖ «ទន្លេមេគង្គមិនអាចបន្តបាត់បង់ដីល្បាប់ទៀតទេ បើមិនដូច្នេះទេ វានឹងលែងក្លាយជាទន្លេមេគង្គទៀតហើយ។»
ការកើនឡើងសារធាតុជាតិប្រៃ គឺជាក្តីកង្វល់មួយទៀត ដោយផ្នែកខ្លះនៃតំបន់ដីសណ្ដទន្លេមេគង្គមានកម្ពស់ត្រឹមតែពីរម៉ែត្រ ពីលើកម្ពស់ទឹកសមុទ្រ។ កំហាប់ជាតិប្រៃលើសពីមួយក្រាមក្នុងមួយលីត្រ ផ្តល់ផលវិបាកជាច្រើនលើប្រព័ន្ធធារាសាស្រ្ត។ បច្ចុប្បន្ននេះ គណៈកម្មការទន្លេមេគង្គ វាស់ឃើញមានកំហាប់ជាតិប្រៃបួនដង នោះគឺ ៤ក្រាមក្នុងលីត្រ លើផ្ទៃដីទំហំ១៣៨ គីឡូម៉ែត្រការ៉េបន្ថែមទៀត ជារៀងរាល់ឆ្នាំ។ បណ្ឌិត គិធិឃួន លើកឡើងថា ស្ថានភាពបែបនេះ អាចធ្វើឲ្យខូចដំណាំស្រូវ «ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង និងការនាំចេញ»។
ទិដ្ឋភាពទី៤ គឺការបំពុលដោយប្លាស្ទីក។ ទន្លេមេគង្គ ត្រូវបានគេប៉ាន់ស្មានរួចមកហើយថាបរិមាណសំណល់ប្លាស្ទីកដ៏ច្រើនបំផុតលំដាប់ទី១០ គឺចន្លោះពី១៧.៤ ទៅ១០១ តោនក្នុងមួយថ្ងៃបានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានា នៅក្នុងពិភពលលោក ។ បណ្ឌិត គិធិឃួន មានប្រសាសន៍ថា «កាកសំណល់ទាំងនេះ មានទំហំប៉ុនត្រីបាឡែនដ៏ធំ ដែលត្រូវបានគេបោះចោលទៅក្នុងមហាសមុទ្រជារៀងរាល់ថ្ងៃ។» មីក្រូប្លាស្ទីកទាំងនេះ អាក្រក់ដូចឧក្រិដ្ឋជនចឹង ព្រោះវាល្អិតពេក ពិបាកនឹងមើលមិនឃើញ។ ត្រី អាចស៊ីប្លាស្ទីកទាំងនេះ ដែលអាចបំពុលដល់ច្រវាក់ម្ហូបអាហាររបស់មនុស្ស។
ទិដ្ឋភាពទី៥ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើង។ ខណៈពេលដែលចំនួន «ថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង» បានថយចុះយ៉ាងខ្លាំងនៅក្នុងអាងទន្លេមេគង្គក្រោម តែនៅពេលដែលមានធ្លាក់ភ្លៀង វាធ្លាក់និងបក់បោកយ៉ាងខ្លាំង៖ នៅរដូវវស្សាឆ្នាំ២០១៨ និង២០០០ «ចំនួនប្រជាជនដែលរងគ្រោះដោយទឹកជំនន់បានកើនឡើងរហូតដល់ ១២លាននាក់។» ទន្ទឹមនឹងនេះ ភាពញឹកញាប់នៃគ្រោះរាំងស្ងួតបានកើនឡើងក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ បើធៀបនឹងទសវត្សរ៍មុន។
នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានបញ្ចប់សុន្ទរកថា ជាមួយនឹងការអំពាវនាវឱ្យមានវិធានការបន្ទាន់។ ខណៈដែលកាលពីឆ្នាំមុនលោកបានអំពាវនាវថា «យើងគប្បីខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងនេះ (ន័យធៀប ពន្លត់ភ្លើងដែលកំពុងឆេះ)» ថ្ងៃនេះ លោកបានលើកឡើងថា «យើងមិនគួរចាក់ប្រេងទៅលើភ្លើងទេ។ យើងអំពាវនាវឱ្យប្រទេសតាមដងទន្លេមេគង្គ ដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាព។ ក៏ប៉ុន្តែ វិធីដែលយើងជ្រើសរើសអនុវត្ត និងវិធីដែលមិត្តរបស់យើងទាំងក្នុងនិងក្រៅតំបន់អនុវត្ត នឹងកំណត់ជោគវាសនារបស់ទន្លេមេគង្គ ក៏ដូចជាជោគវាសនារបស់យើងទាំងអស់គ្នាដែរ»។