សង្គម

កម្ពុជាទទួលពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ២០២៣ – World Literacy Award 2023

ក្នុងនាមប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន Hangchuon Naron បានទទួលពានរង្វាន់ អក្ខរកម្មពិភពលោកឆ្នាំ២០២៣ ចំពោះភាពលេចធ្លោក្នុងការលើកកម្ពស់អក្ខរកម្ម និងការអប់រំ។

កម្ពុជាស្ថិតក្នុងចំណោមជ័យលាភីប្រចាំឆ្នាំចំនួន៥ ដែលទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាពនេះ នាអំឡុងនៃកិច្ចប្រជុំកំពូលនៃអក្ខរកម្មពិភពលោក (World Literacy Summit) ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។

មូលនិធិអក្ខរកម្មពិភពលោកបានជ្រើសរើសរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ពានរង្វាន់មូលនិធិអក្ខរកម្មពិភពលោក២០២៣ ដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។ ការទទួលស្គាល់ និងការទទួលបានរង្វាន់ខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការបណ្តុះបណ្តាលគ្រូលើការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។ កញ្ចប់សម្ភារៈត្រូវបង្កើតឡើង ដើម្បីឱ្យគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ មានកញ្ចប់សម្ភារៈអប្បបរមាមួយ ដែលទាំងអស់គ្នាអាចយកទៅប្រើប្រាស់សម្រាប់ការអនុវត្ត និងពង្រីកការអនុវត្តនៅទូទាំងប្រទេស ក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើនលទ្ធផលសិក្សារបស់សិស្សពោលគឺ កុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា៕