ពលរដ្ឋរស់នៅស្រុកព្រៃកប្បាសក៏ដូចពលរដ្ឋទូទៅក្នុងខេត្តតាកែវទាំងមូល បាននាំគ្នារិះគន់និងនិយាយតៗគ្នាថា អភិបាលស្រុកព្រៃកប្បាសគួរមានវិធានការ លើទីតាំងគោដុតមួយកន្លែងស្ថិតនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ដែលសំញែងគោទាំងមូល ខុសទៅនឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។
ពលរដ្ឋបានលើកឡើងថា ទីតាំងគោដុតខាងលើបានធ្វើអាជីវកម្មដុតគោជាប់នៅនឹងផ្លូវខេត្ត 1TK1 ដោយសភាពឃោឃៅអសីលធម៌ ហើយសត្វគោដែលយកមកធ្វើអាជីវកម្មនោះទៀតសោត ក៏ពុំមានការត្រួតពិនិត្យពីមន្រ្តីជំនាញ ជាពិសេសទីតាំងមួយនេះកំពុងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៏នៅពេលយប់ព្រោះតែយកផ្លូវធ្វើចំណតរថយន្ត។
ជុំវិញករណីខាងលើលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ទីតាំងដុតគោខាងលើពិតជាធ្វើឲ្យប៉ះពាល់ដូចការលើកឡើងរបស់ពួកគាត់មែន លោកបានបញ្ជាក់ទៀតថា លោកនិងកោះហៅម្ចាស់ទីតាំងអាជីវកម្មខាងលើមកណែនាំនិងមានវិធានការបន្ត។
យោងតាមលិខិតមួយ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១០ មករាឆ្នាំ ២០១២ បានសម្រេចទប់ស្កាត់នូវរូបភាពអាជីវិកម្ម«គោដុត» នៅទីសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវរូបភាពហិង្សាឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សា របស់ព្រះពុទ្ធសាសនា៕