សង្គម

ពលករខ្មែរនៅប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់ចូលកម្ពុជាវិញ តាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់ ឃើញថាពលករខ្មែរដែលទៅបម្រើការងារនៅប្រទេសថៃ វិលត្រឡប់មកប្រទេសវិញជាបណ្តើរៗហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា គិតត្រឹមចុងខែមីនា ឆ្នាំ២០២៣ ឃើញថាពលករខ្មែរបានវិលត្រឡប់មកវិញច្រើនខុសពីធម្មតា ដោយក្នុងមួយថ្ងៃៗមានពលកររាប់រយនាក់ ឆ្លងដែនចូលមកប្រទេសវិញ ដើម្បីត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលកាន់តែខិតជិតមកដល់។

លោកបញ្ជាក់ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីបើកឱ្យចេញចូលពីរង្វង់មូលទៅកាន់ច្រកទ្វារ គឺកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ បានរៀបចំសណ្តាប់ធ្នាប់ ដោយឱ្យម៉ូតូកង់បី ផាសអាប់ និងម៉ូតូឌុប ចតតាមលេខរៀងមិនឱ្យចតរញ៉េរញៃនៅក្នុងបរិវេណច្រកទ្វារឡើយ ពោលគឺធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអសន្តិសុខ ទើបរៀបចំឱ្យចតនៅរង្វង់មូលប៉ោយប៉ែតផ្លូវច្រកទ្វារ ដោយទុកឱ្យភ្ញៀវជាអ្នកសម្រេចចិត្តជិះតាមលេខរៀង ការពារការដណ្តើមម៉ូយនាំឱ្យឈ្លោះគ្នាដូចលើកមុនទៀត។

ទោះយ៉ាងណា លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បញ្ជាក់ថា ក្រោយរៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណច្រកទ្វារឃើញថាមានសោភ័ណភាពល្អ និងមានសុវត្ថិភាពដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកកម្ពុជា ដើម្បីមកកម្សាន្ត និងទៅលេងនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងតាមរមណីយដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា ជាពិសេស គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ៕