ខេត្តកំពត÷ ការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនី រោងចក្រ ឃី មីហ្គាមែន និងរោងចក្រ JIA ដែលស្ថិតនៅក្នុងភូមិរលួស សង្កាត់បឹងទូកក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា សូមបងប្អូនបុគ្គលិកយោជន កម្មករ កម្មការនី រោងចក្រទាំងអស់ ពិសេសប្រជាពលរដ្ឋនៅទូទាំងខេត្តត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រអ្នកដែលខិតខំស្វះស្វែងរកសន្តិភាព ផ្តល់ភាពសុខដុមរមនាជូនជាតិជូនប្រជាជនបន្តទៀត។
ឯកឧត្តម ម៉ៅ ធនិន បានបន្តទៀតថា បងប្អូនបុគ្គលិក កម្មករ កម្មការនីទាំងអស់ បានធ្វើជាគំរូល្អតាមរយៈបំពេញកិច្ចការងារ គោរពតាមលក្ខខន្តិកៈការងារ និងបទបញ្ជាផ្ទៃក្នុងផ្សេងៗ របស់រោងចក្របានល្អនាពេលកន្លងមក។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានស្នើដល់បុគ្គលិក និងកម្មករ កម្មការនីរោងចក្រទាំងអស់បន្តរក្សាភាពល្អប្រសើរនេះតទៅទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ឱ្យមកកាន់តែច្រើនបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋក្នុងខេត្តកំពត មានឱកាសទទួលបានការងារកាន់តែច្រើនបន្ថែមទៀត។
លោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានលើកឡើងថា “ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បុគ្គលិក កម្មករ កម្មការនី នៅក្នុងខេត្តកំពត ទទួលបាននូវការការពារសិទ្ធិ និងការគាំពារផ្សេងៗ ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមក ក៏មិនធ្លាប់ដែលមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ”។
នាឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការចាប់ឆ្នោតយករង្វាន់ ដើម្បីផ្ដល់ជូនបុគ្គលិក កម្មករ កម្មការនីរោងចក្រឃីមីហ្គាមែន និងរោងចក្រ JIA ដែលបានត្រូវរង្វាន់ផ្សេងៗរួមរួមមាន៖ រង្វាន់ ម៉ូតូចំនួន ១៥រង្វាន់, កង្ហារចំនួន ២៥រង្វាន់, ឆ្នាំងដាំបាយ ចំនួន ១០រង្វាន់ និងកង់ ចំនួន ១០រង្វាន់ផងដែរ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299