ខេត្តតាកែវ ៖ បឹងដើមក្រឡាញ់ គឺជាបឹងសាធារណៈមួយនៅជាប់បណ្ដោយផ្លូវជាតិលេខ២ មានផ្ទៃលាតសន្ធឹងធំល្វឹងល្វើយលំអដោយព្រៃកក់ដើមរាំង និងផ្កាឈូកស្រស់បំព្រងគួរឱ្យចង់គយគន់ ដែលកើតមានឡើងតាំងពីដូនតា ស្ថិតនៅក្ក្ក្នុងភូមបឹងឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តកែវ ដែលបឹងនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញបឹងអាស្រ័យផល ដូចជានេសាទត្រីលក្ខណៈគ្រួសារ បង្កបង្កើនផលដំណាំដាំឈូកចិញ្ចឹមជីវិត ជាពិសេស យកប្រភពទឹកប្រើប្រាស់ស្រោចស្រពផលដំណាំផ្សេងៗ ។
ស្រាប់តែឥឡូវត្រូវបានអ្នកមានលុយមានអំណាចចាក់ដីលុបរំលោភយកដីចំណីបឹងជាបន្តបន្ទាប់ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ។ តាមប្រភពទទួលព័ត៌មានបានលួចខ្សឹបទៀតថា គ្មានមន្ត្រីក្នុងស្រុកសំរោងណាម្នាក់ហ៊ានចេញមុខ ទប់ស្កាត់ ណែនាំចំពោះបុគ្គល មានលុយ មានអំណាច ដែលបានរំលោភយកដីចំណីបឹងនេះទេ ។ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកមានលុយមានអំណាចដែលចាក់ដីលុបរំលោភយកដីចំណីបឹងដើមក្រឡាញ់ សាធារណៈរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិនេះ កាលពីកន្លងទៅ លោកកេត ម៉ៅ ធ្លាប់បានហាមឃាត់ នឹងឱ្យកាយដីចេញវិញម្ដងហើយ តែបែរជាមួយរយៈចុងក្រោយនេះ បែរជាឃើញដឹកដីយកមកចាក់រំលោភយកបន្តទៀតបាន មិនដឹងថាគេមានច្បាប់ឬក៏អត់ច្បាប់នោះទេ?
ពាក់ពន្ធ័នឹងបញ្ហានេះត្រូវបានមជ្ឈដ្ឋានមហាជនបាន សង្ស័យថាសុទ្ធតែជាការត្រូវរ៉ូវគ្នាទើបអាចធ្វើបាន បើមិនដូចច្នេះទេសូម្បីតែប្រជាពលរដ្ឋធ្វើរបងតូចតាចនៅលើដីស្របច្បាប់របស់ខ្លួនក៏មិនបានដែរ អាជ្ញាធរមកដល់ភ្លាម។
ជុំវិញបញ្ហាខាងលើនេះដែរ លោកនួន ហ៊ុន មេឃុំសឹង្ហ បានប្រាប់មកបណ្តាញសារព័ត៌មានពេញចិត្តមេឌា ឱ្យដឹងថា ការចាក់លុបបឹងដីនេះ គឺម្ចាស់គេមានប្លង់កម្មសិទ្ធិស្របច្បាប់។
ដោយឡែក លោកកេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងមកកាន់បណ្តាញសារព័ត៌មាន ពេញចិត្តមេឌា នាថ្ងៃថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិនា ឆ្នាំ២០២៣នេះអោយដឹងថា ដីដែលគេកំពុងតែចាក់លុបនោះ គឺដីគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវ បន្ទាប់ពីដីកម្មសិទ្ធិហ្នឹងមក មានការទទួលស្គាល់ប្រគល់សិទ្ធិកាន់កាប់ ពីលោកមេភូមិលោកមេឃុំ ប្រធានការិយាល័យធនធានទឹក និងលោកអភិបាលស្រុកជំនាន់លោកញ៉ែម ស្រស់ ធ្វើលិខិតជូនគេកាន់កាប់ លោកថាដីនោះគឺបានកាន់កាប់តាំងពីឆ្នាំ១៩៨៧។ ប៉ុន្តែរដ្ឋបាលស្រុកនិងឃុំ ទើបតែបានបញ្ជាក់ជូនគាត់នៅក្នុងឆ្នាំ ២០០៧ រហូតមកដល់ពេលនេះប្រហែលជា១៥ឆ្នាំ ហើយក្នុងពេលនេះដែរ លោកក៏បានបញ្ជាឲ្យគេផ្អាក សកម្មភាពចាក់លុបនេះដែរ រង់ចាំមន្ត្រីជំនាញរបស់គាត់ចុះត្រួតពិនិត្យជាក់ស្ដែង ទទួលបានលទ្ធផលច្បាស់លាស់លោកនឹងចាត់វិធានការទៅតាមហ្នឹង។នឹងបានផ្ញើឯកសារពាក់ព័ន្ធ ដើម្បីឲ្យអង្គភាពសារព័ត៌មានយើងពិនិត្យមើល។
ជុំវិញរឿងរ៉ាវករណីរបស់អ្នកមានលុយខាងលើមហាជនប្រជាពលរដ្ឋសំណូមពរដល់លោកអ៊ូច ភា អភិបាលខេត្តតាកែវមេត្តាផ្តល់ក្រុមមន្រ្តីជំនាញពាក់ពន្ធ័ ចុះមកសិក្សាផងទានព្រោះពលរដ្ឋមិនជំនឿលើលោកអ៊ួច ម៉ៅ អភិបាលស្រុកសំរោងនេះទៀតហើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299