សង្គម

លេីកទីមួយហេីយដែលអាជ្ញាធរខេត្តតាកែវឱ្យឡានទឹកទៅបាញ់ទឹកពន្លត់ភ្លេីងឆេះសំរាមនៅពេលថ្ងៃ​ តែពេលយប់អ្នកម៉ៅការសំរាមទៅដុតដដែល

ខេត្តតាកែវ​ ៖​ ក្រុងដូនកែវ​ ដែលជាក្រុងមានឈ្មោះស្រស់ស្អាតរហូតទទួលបានចំណាត់ថ្នាក់ផ្ការរំដួលផងដែរនោះ​ ពេលនេះកំពុងតែពោរពេញដោយផ្សែងដុតសំរាមគ្របដណ្តប់ស៊ឹងតែពេញក្រុងទៅហេីយ។ ដោយឡែកងាកមកមេីលចំណាត់ការរបស់អាជ្ញាធរខេត្តវិញឃេីញថា​ បានប្រេីឡានទឹកទៅបាញ់ពន្លត់ភ្លេីងនៅពេលថ្ងៃ​ តែនៅពេលយប់អ្នកម៉ៅការប្រមូលសំរាមទៅចោលនៅទីនោះទៅដុតសំរាមដដែល​ (ពិតជាឌឺអាជ្ញាធរមែន)។

សូមរំឮកថា​ កន្លងមកថ្មីៗនេះ​ ពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ លើកឡើងថា ក្រុងដូនកែវសឹងទាំងមូល បានគ្របទៅដោយផ្សែងដុតសំរាមទាំងយប់ទាំងថ្ងៃពិបាករស់នៅរាប់ខែ រាប់ឆ្នាំមកហើយ នឹងបានធ្វេីឱ្យប្រជាពលរដ្ឋ តាអាចារ្យព្រះសង្ឃ និងមេភូមិ នាំគ្នាផ្តិតមេដៃស្នើទៅលោកអភិបាលខេត្តតាកែវ ឱ្យជួយរកដំណោះស្រាយ។ បេីតាមប្រជាពលរដ្ឋលើកឡើងថា ទីតាំងចោលសំរាមនេះ គឺនៅក្បែរវត្ត អមរា ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានគេយកកាកសំណល់ផ្សេងៗ ពីមន្ទីរពេទ្យ អាហារដ្ឋាន និងយកពីទីតាំងដទៃទៀតក្នុងក្រុងដូនកែវមកចោលទីនេះ​។ ហេីយក្លិនស្អុយ ឆ្អេះ ឆ្អាប សាយភាយពីទីតាំងចោលសំរាមនេះរាល់ថ្ងៃរាប់ឆ្នាំមកហើយ លុះដល់ពេលយប់មានអ្នកទៅលួចដុតសំរាមចោលឆេះហុយផ្សែងទ្រលោមពេញមេឃ។
ប្រជាពលរដ្ឋដែលកំពុងប្រឈមផលប៉ះពាល់នៃទីតាំងចោលសំរាមខាងលើ បានធ្វើការស្នើសុំទៅមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអភិបាលខេត្តតាកែវ ជួយដោះស្រាយបញ្ហានេះផង កុំទុកឱ្យពួកគាត់រាប់រយគ្រួសារហិតក្លឹនស្អុយ និងផ្សែង ពិសេសកុំឲ្យក្រុងដូនកែវ គ្របដណ្តប់ទៅដោយផ្សែងដុតសំរាមដូចរាល់ថ្ងៃនេះទៀត៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881289