ខេត្តតាកែវ ៖ ពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ លើកឡើងថា ក្រុងដូនកែវសឹងតែទាំងមូល បានគ្របទៅដោយផ្សែងដុតសំរាមទាំងយប់ទាំងថ្ងៃ ពិបាករស់នៅរាប់ខែ រាប់ឆ្នាំមកហើយ។
ដោយអត់ទ្រាំនិងការហិតក្លិន ហិតផ្សែងចេញពីទីតាំងចោលសំរាមមួយកន្លែង ដែលកំពុងបង្កផលប៉ះពាល់រាប់ឆ្នាំមកហើយនោះ ពេលនេះ ផ្អើលប្រជាពលរដ្ឋ តាអាចារ្យព្រះសង្ឃ និងមេភូមិ នាំគ្នាផ្តិតមេដៃ ស្នើទៅលោកអភិបាលខេត្តតាកែវ ឲ្យជួយរកដំណោះស្រាយ។ ប្រភពពីប្រជាពលរដ្ឋលើកឡើងថា ទីតាំងចោលសំរាមនេះ គឺនៅក្បែរវត្ត អមរា ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានគេយកកាកសំណល់ផ្សេងៗ ពីមន្ទីរពេទ្យ អាហារដ្ឋាន និងយកពីទីតាំងដទៃទៀត ក្នុងក្រុងដូនកែវមកចោលនៅទីនេះ។ ពួកគាត់បន្តថា ក្លិនស្អុយ ឆ្អេះ ឆ្អាប សាយភាយពីទីតាំងចោលសំរាមនេះ រាល់ថ្ងៃរាប់ឆ្នាំមកហើយ លុះដល់ពេលយប់មានអ្នកទៅលួច ដុតសំរាមចោលឆេះហុយផ្សែងទ្រលោមពេញមេឃ។
ប្រជាពលរដ្ឋដែលកំពុងប្រឈមផលប៉ះពាល់ នៃទីតាំងចោលសំរាមខាងលើ បានធ្វើការស្នើសុំទៅមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអភិបាលខេត្តតាកែវ ជួយដោះស្រាយបញ្ហានេះផង កុំទុកឲ្យពួកគាត់រាប់រយគ្រួសារហិតក្លឹនស្អុយ និងផ្សែង ពិសេសកុំឲ្យក្រុងដូនកែវ គ្របដណ្តប់ទៅដោយផ្សែងដុតសំរាមដូចរាល់ថ្ងៃនេះទៀត៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299