សង្គម

សាលារៀនរដ្ឋ និង​ឯកជន ត្រូវ​អនុញ្ញាតិ​ឱ្យឈប់សម្រាក​ អំឡុងពេលកម្ពុជា រៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ​បានប្រកាសឱ្យគ្រប់ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ឬត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

យោង​តាមលិខិតផ្ញើទៅកាន់នាយកគ្រឹះស្ថាន និង​ប្រធាន​មន្ទីរអប់រំគ្រប់រាជធានីខេត្ត កាលពីថ្ងៃម្សិលមិញ ក្រសួងងប់រំ​បាន​បញ្ជាក់ថា ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ខាងលើ ក្រសួងសូមធ្វើការណែនាំ ដូចខាងក្រោម៖

១. គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។

២.គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។

៣.គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ៕