សង្គម

នាយក WA ៖ ព្រៃឈើជួរភ្នំក្រវាញប្រៀបដូចជាម៉ូទ័របូមទឹក​ដ៏ធំមួយសម្រាប់កម្ពុជា

នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានឱ្យដឹងថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ដែលគ្របទៅដោយព្រៃ​ស្រោង​ក្រាស់មានពណ៌បៃតងគ្រប់រដូវកាល ជាជួរព្រៃឈើធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារសំខាន់ចំ​ពោះការរក្សាតុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញនូវទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា។

ថ្លែងក្នុងដំណើរទស្សនាចរសត្វព្រៃធ្វើឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កញ្ញាបណ្ឌិត ស៊ូវណ្ណា នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពក​ពី​តំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញ​មាន​ស្ទឹង​​ធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើនជាមួយសមត្ថភាពផលិតថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។

រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៦ ​បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយ​មានខេត្តចំនួន៣ គឺខេត្តកោះកុង​ ខេត្ត​កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដើម្បីជាទីជម្រក​នៃ​ពពួកប្រភេទ​សត្វទទួលរងការ​គំរាមកំហែង​និង​ប្រភេទសត្វមានដោយ​កម្រជាសកល ​ដែល​មាន​រហូតជាង ៥០ប្រភេទ ​ដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោកជាដើម និងប្រភេទឈើកម្រផ្សេងទៀត ​ខណៈបានប្រភពទឹកដ៏សំខាន់ និង​ជា​ផ្ទៃរងទឹកភ្លៀង​សម្រាប់​បន្តនិរន្តរភាព​ទឹកបឹងទន្លេសាប។

គួរបញ្ជាក់ថា ដំណើរទស្សនាចរសត្វព្រៃ​បន្ទាប់ពីបានរៀបចំនៅតាមតំបន់ជួរភ្នំក្រវាញមានដូចជា នៅ​ឃុំអូរសោម ស្រុកវាលវែង ខេត្ត​ពោ​ធិ៍សាត់,​ នៅក្រុងខេមរភូមិន្ទ ​ខេត្តកោះកុង​និងនៅស្រុកថ្មបាំង ខេត្តកោះកុង ​ដើម្បីលើកកម្ពស់ការយល់​ដឹងអំពីសារប្រ​យោជន៍នៃ​ព្រៃ​ឈើតំបន់ជួរភ្នំក្រវាញ ដោយ​ផ្សារភ្ជាប់យុទ្ធនាការការពារព្រៃឈើឱ្យមាននិរន្តរភាព​ ការបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ (អន្ទាក់សូន្យ) ​និងការស្តារសត្វខ្លាធំឡើងវិញ៕