សង្គម

ព្រះមហាក្សត្រ​ថៃ ចេញ​ព្រះរាជក្រឹត្យ រំលាយ​សភា​

ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរំលាយ​សភា នេះ​បើ​យោងតាម​សេចក្តីប្រកាស​មួយ ដែល​ចុះផ្សាយ​ក្នុង Royal Gazette នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា ជាការ​បើកផ្លូវ​សម្រាប់​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែឧសភា​។

​ព្រះរាជ្យក្រឹត្យ​ដែល​បានចេញ​កាលពី​ថ្ងៃទី១៧ ខែមីនា​កន្លងទៅ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃ​ចន្ទ​នេះ។​ ច្បាប់រដ្ឋធម្មនុញ​ថៃចែងថា ការបោះឆ្នោត​នឹងត្រូវ​រៀបចំ​នៅ​ចន្លោះ ៤៥​ថ្ងៃ និង​៦០​ថ្ងៃ ក្រោយ​រំលាយ​សភា ដែល​នេះ​មានន័យថា ការបោះឆ្នោត​នឹង​រៀបចំឡើង​ នៅ​ចន្លោះ​ថ្ងៃទី​៤ និង​ថ្ងៃទី​១៩ ខែឧសភា​ខាងមុខនេះ។

​ទោះបីជា​យ៉ាងណាក៏ដោយ កាលបរិច្ឆេទ​ពិតប្រាកដ​នឹងត្រូវ​ប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​និង​ចុះផ្សាយ​នៅលើ​ទំព័រ​កាសែត Royal Gazette។

​កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ស្នើសុំ​ព្រះរាជក្រឹត្យ ដើម្បី​រំលាយ​សភា​មុន​បញ្ចប់​អាណត្តិ​រយៈពេល ៤​ឆ្នាំ​ របស់លោក​នៅ​ថ្ងៃទី​២៣ ខែឧសភា​ខាងមុខ។

​គួរ​ឲ្យ​ដឹងថា ថៃ​បានរៀបចំ​ការបោះឆ្នោត​លើក​មុន​របស់ខ្លួន​ នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​អន្តរ​កាលពី​របប​យោធា​រយៈពេល​ជិត ៥​ឆ្នាំ ឆ្ពោះទៅកាន់​រដ្ឋាភិបាល​បោះ​ឆ្នោត​ដោយ​លទ្ធិប្រជាធិបតេយ្យ។

​នៅពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍ Prayut មេដឹកនាំ​របប​សឹក ដែលជា​បេក្ខជន​មកពី​គណបក្ស Palang Pracharat បានឈ្នះ​ឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​។ លោកបានធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០១៤ ដើម្បី​រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ឈ្នះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យរ​បស់​លោកស្រី Yingluck Shinawatra៕​