សង្គម

ឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តនៅផ្លូវម៉ុងរិទ្ធី សមត្ថកិច្ច​អន្តរាគមន៍បាញ់ពន្លត់អស់៧២ឡាន ទើបរលត់ទាំងស្រុង

ករណីឆេះទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី កាលពីវេលាម៉ោង​ប្រមាណ៨ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២៣ សមត្ថកិច្ចបានប្រើប្រាស់​ទឹកដើម្បីបាញ់ពន្លត់រហូត​ដល់ទៅ​៧២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

តាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតឃ្លាំងដែលឆាបឆេះនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ​ឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង ស្រាប់តែភ្លាមៗនោះ​អណ្ដាតភ្លើង​ខ្មួលខ្មាញ់​កាន់តែខ្លាំង​ទៅខ្លាំងទៅ មិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន រួចអាជ្ញាធរមូលដ្ឋាន​បានទំនាក់ទំនងទៅកម្លាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បីចេញរថយន្តជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ​និង​សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានលោក​បានបញ្ជារថយន្តគ្រប់គោលដៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចេញរថយន្ត ដើម្បីជួយបាញ់ពន្លត់ឲ្យទាន់ពេលវេលា។

លោកបានឲ្យដឹងថា ក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់នេះ អាជ្ញាធរមានផលលំបាក​ដោយសារតែទី​តាំងឃ្លាំង​មានច្រកបាញ់តែមួយផ្លូវ និងទីតាំងមានការបិទជិតថែមទាំងមានរបងថ្មព័ទ្ធជុំវិញផងដែរ។ ធ្វើឲ្យកម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យឆេះខូចខាត ឃ្លាំងជញ្ជាំងថ្មប្រក​ស័ង្កសី​ ទំហំ ១៦ម៉ែត្រគុណ ៣០ម៉ែត្រ រថយន្តម៉ាក ​កាមរីបាឡែន១គ្រឿង សម្ភារៈគ្រឿងបន្លាស់រថយន្ត រួមមាន ប្រេងម៉ាស៊ីនជាដើម ត្រូវបានឆាបឆេះខូចខាតអស់ទាំងស្រុង។ រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងចំនួន ៣៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន ទើបគ្រប់គ្រងទីតាំងឆេះបាន៕