សង្គម

ខេត្ត​សៀមរាប​នឹងទទួលព្រះរាជបដិសណ្ឋារកិច្ច ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសុំភ្លើង«ព្រះអគ្គីកីឡា»នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា

ខេត្តសៀមរាបនឹងរៀបចំទទួលព្រះរាជបដិសណ្ឋារកិច្ច ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង«ព្រះអគ្គីកីឡា»នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ និងជាថ្ងៃដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ខណៈពិធីជិតមកដល់ ឯកឧត្តម​ ឃឹម​ ហ្វីណង់​ អភិបាលរងខេត្ត​សៀមរាប​ ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះមកពីរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន រដ្ឋបាលក្រុង-សង្កាត់ ស្នងការដ្ឋាននគរបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្រុមហ៊ុនប្រមូលសំរាម និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដើម្បីដាក់ផែនការ ណែនាំ និងត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ត្រៀមរៀបចំទទួល«ព្រះរាជពិធីសុំព្រះអគ្គីកីឡា»នាពេលខាងមុខនេះ៕