សង្គម

សំណុំរឿងឃាតកម្មកាលពីខែមករានៅស្រុកត្រាំកក់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៣នាក់

ខេត្តតាកែវ ៖ សមត្ថកិច្ចស្រុកត្រាំកក់ ដែលមានលោក ឌុក ធីយ៉ា អធិការនគរបាលស្រុក បានធ្វើការស្រាវជ្រាវនិងបង្ក្រាបជនសង្ស័យក្នុងសំណុំរឿងឃាតកម្មមួយដែលបានអូសបន្លាយពេលជាង៤០ថ្ងៃ។

ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបានប៉ូលីសស្រុកត្រាំកក់ ស្រាវជ្រាវនិងឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវីធីច្បាប់ ពាក់ព័ន្ធករណីឃាតកម្ម។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ៖ទី១ឈ្មោះ ប្រាក់ វិដន ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២ ឈ្មោះ គូ កក្កដា ហៅកាក់ ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកេវ ។ ទី៣ឈ្មោះ ហ៊ឹម ប៊ុននី ហៅនុយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។

ដោយឡែកបក្ខពួកដែលកំពុងគេចខ្លួនមានឈ្មោះ សេង រ៉ានុត ភេទប្រុសអាយុ១៩ឆ្នាំ និងឈ្មោះ ប្រាក់ ប្រុសពៅ ហៅស៊ុត ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

លោកអធិការបន្ថែមថា ជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងនិងម៉ាកអ៊ិចសិនទ័រ មួយគ្រឿងធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះ គី ជា ភេទប្រុសអាយុ២៧ ឆ្នាំ ទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា តាមផ្លូវជាតិលេខ៣ពីជើងមកត្បូងបណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងដួលធ្លាក់ពីលើម៉ូតូ។ ក្រោយធ្វើសកម្មភាពរួចពួកគេទាំង៥នាក់បាននាំគ្នារត់គេចខ្លួនបាត់។

សូមរំឮកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២រំលងអាធ្រាត នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៧.៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ មានករណីឃាតកម្ម១ បណ្តាលឲ្យជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ រងរបួសធ្ងន់និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តតាកែវ៕