សង្គម

សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ម ស៊ីថា នាយកក្រុមហ៊ុន គោកមនវីឡាហ្គោ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ចេញសែកគ្មានទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានចាប់ឃាត់ខ្លួន ឈ្មោះ ប៉ម ស៊ីថា តួនាទីជា ប្រធានក្រុមហ៊ុន គោកមនវីឡាហ្គោ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៤ ផ្លូវ៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ។

ការឃាត់ខ្លួននេះ ធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន លេខ៤៦៤ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ របស់ លោក ហន សុខេមរិន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។

តាមដីកាដដែលបានសម្រេចបង្គាប់ឱ្យភ្នាក់ងារនគរបាលយុត្តិធម៌ ចាប់ខ្លួនឈ្មោះ ប៉ម ស៊ីថា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ២១៥ ង១ ចុះថ្ងៃទី២៧ខែមករា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ និងបង្គាប់ឱ្យនាំជននេះ ទៅឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ។

ដើមហេតុនៃរឿងនេះ គឺ ឈ្មោះ ប៉ម ស៊ីថា បានយកទំនិញ/ផលិតផលពីដើមបណ្តឹងទៅលក់បន្ត ហើយបានចេញសែកចំនួន៥ដង សរុបទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃផលិតផលដែលខ្លួនបានយក ប៉ុន្តែនៅពេលដើមបណ្តឹងយកសែកនេះទៅបើកប្រាក់ គឺគ្មានលុយបើក ហើយទារលុយក៏មិនបាន ទើបសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។

បើតាមសាលក្រមព្រហ្មទណ្ឌលេខ២១៥ ង១ ចុះថ្ងៃទី២៧ខែមករា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច២ចំណុចគឺ៖

ទី១. ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ប៉ម ស៊ីថា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល០១ឆ្នាំ០៦ខែ (មួយឆ្នាំប្រាំមួយខែ) ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ប្រព្រឹត្តនៅ ចំណុចនៅ រាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញាតិ្តមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួយញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ទី២.បង្គាប់ឱ្យជនជាប់ចោទ ឈ្មោះ ប៉ម ស៊ីថា សងសំណងចំនួន ៩៥៥៥៨.៨៩ (ប្រាំបួនម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំបី និងប៉ែតសិបប្រាំបួនសេន) ដុល្លារអាមេរិក និងជម្ងឺចិត្តចំនួន ២០,០០០,០០០ (ម្ភៃលាន) រៀល ឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណី។

សាលក្រមនេះជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី និងកំបាំងមុខជនជាប់ចោទឈ្មោះ ប៉ម ស៊ីថា និងប្រកាសជាសាធរណៈនៅថ្ងៃទី២៧ខែមករា ឆ្នាំ២០២០។

បន្ទាប់ពីចៅក្រមបានជម្រះសេចក្តី ឈ្មោះ ប៉ម ស៊ីថា បានរត់គេចខ្លួនបាត់ ទើបត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ នៅខេត្តឧត្តរមានជ័យ និងចាប់ខ្លួនយកមកដាក់ពន្ធនាគារតាមអំណាចសាលក្រម។

បើតាមសេចក្តីរាយការណ៍មកថា បច្ចុប្បន្នឈ្មោះ ប៉ម ស៊ីថា កំពុងត្រូវបានឃុំខ្លួននៅPJ ហើយលឺដំណឹងថា បុគ្គលនេះកំពុងពឹងបក្ខពួករបស់ខ្លួន ដើម្បីរត់ការបានចេញពីការឃុំឃាំងវិញផងដែរ ដោយគ្មានចេតនាសងប្រាក់ទៅដើមបណ្តឹងឡើយ។

ដើមបណ្តឹង សូមសំណូមពរស្ថាប័នតុលាការមេត្តាជួយចាត់វិធានការអនុវត្តសាលក្រមខាងលើ ដើម្បីទទួលបានសំណងនិងជម្ងឺចិត្ត ខាតបង់ពេលវាលារាប់ឆ្នាំក្នុងការប្តឹងផ្តល់គ្មា និង សំណូមពរ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ មេត្តាជួយត្រួតពិនិត្យបុគ្គលរូបនេះ កុំឱ្យមានការដោះលែង បើនៅមិនទាន់អនុវត្តទោសតាមអំណាចសាលក្រមតុលាការ។