សង្គម

បក្ស​កុំម្មុយនីស្ត​វៀតណាម​តែងតាំង​លោក​វ៉ូ វ៉ាន់ ធឿង ជា​ប្រធានាធិបតី​ថ្មី​

គណបក្ស​កុំម្មុយនីស្ត​វៀតណាម បាន​តែងតាំង​លោក​វ៉ូ វ៉ាន់ ធឿង​(Vo Van Thuong) ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស នេះ​បើ​តាម​ប្រ​ភ​ព​ព័ត៌មាន​ពីរ​ចេញពី​គណបក្ស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​ពុធ​។​

​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស បានអនុម័ត​ការសំរេចចិត្តកាលពីមុនមួយ​របស់​ការិយាល័យ​នយោបាយក្នុង​ការតែងតាំង​លោក ធឿង ហើយ​វា​នឹង​ត្រូវ​សភា​ប្រជុំ​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កុម្ភៈ​។​

​អាយុ​ត្រឹម​៥២​ឆ្នាំ លោក​ធឿង បច្ចុប្បន្ន​ជា​សមាជិក​ការិយាល័យ​នយោបាយ​វ័យក្មេង​ជាងគេ​។​ ​ការតែងតាំង​លោក​កើត​ឡើង​ចំពេល​មាន​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ ដែល​បាន​នាំ​ដល់​ការស៊ើបអង្កេត​មន្ត្រី​រាប់រយ​នាក់​និង​ឥស្សរជន​នយោបាយ​ជាច្រើន​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង រួមមាន​ឧបនាយករដ្ឋមន្ត្រី​ពីររូប​។​ ​គេ​ថា​លោ​កធឿង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​អគ្គលេខាបក្ស​លោក ង្វៀន ភូ ជុង (Nguyen Phu Trong) ​ជា​បុគ្គល​មាន​អំណាច​បំផុត​នៅ​វៀត​ណា ​ដែល​ជា​មេដឹកនាំ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​។​

កាលពី​ខែ​មករា អតីត​ប្រធានាធិបតី ង្វៀន សួន​ហ្វ៊ុក​(Nguyen Xuan Phuc )​បាន​សុំ​លាឈប់​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​បន្ទោស​លោក​ចំពោះ​«​ការរំលោភ​និង​កំហុស​»​ប្រ​ព្រឹត្ត​ដោយ​មន្ត្រី​ក្រោម​ការគ្រប់គ្រងរបស់​លោក ។​

​នៅ​វៀតណាម ប្រធានាធិបតី​ស្ថិត​ចំណោម​ឥស្សរជន​កំពូល​បួន​រូប​នៅក្នុង​ប្រទេស រួម​ជាមួយ​អគ្គលេខាបក្ស នាយករដ្ឋមន្ត្រី​និង​ប្រធានសភា​៕