សង្គម

កម្ពុជានឹងមានអាកាសធាតុក្តៅហើយស្ងួត នៅដើមខែមីនានេះ

បើតាម​ការ​ជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម នៅដើមខែមីនានេះ ពោល​គឺ​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៣ ប្រទេសកម្ពុជា អាចនឹងមានអាកាសធាតុក្តៅ ខណៈ​បើមានភ្លៀង ក៏​ស្ថិត​ក្នុង​កម្រិត​តិចតួចបំផុត។

តាមការ​បញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពនេះ គឺដោយ​សារ​តែ​ទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន​ក្នុងកម្រិត​ខ្សោយ​បន្ត​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងរយៈពេលមួយសប្តាហ៍នេះ តំបន់ទំនាបកណ្តាល​សីតុណ្ហភាពអាចឡើងរហូតដល់ ៣៥អង្សាសេ ហើយ​បើ​ក្នុងករណីមានភ្លៀង ក៏​ស្ថិត​ក្នុងកម្រិត​ពីខ្សោយ​ទៅតិចតួចដោយ​អន្លើតែប៉ុណ្ណោះ។

សម្រាប់តំបន់ខ្ពង់រាប ធាតុអាកាសអាចត្រជាក់​នៅពេលព្រឹក ហើយ​សីតុណ្ហភាពអាចនឹងឡើងខ្ពស់បំផុត​ដល់៣៥អង្សាសេ។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចឡើងខ្ពស់ត្រឹម ៣៣អង្សាសេ ហើយ​បើ​ក្នុង​ករណីមានភ្លៀង ក៏​ស្ថិត​ក្នុង​កម្រិតពីខ្សោយ​ទៅតិចតួច​ដោយ​អន្លើតែប៉ុណ្ណោះ៕