(ភ្នំពេញ) – ទីក្រុងចំនួន៧បានជាប់ជ័យលាភីទីក្រុងស្អាតជាងគេបំផុតរបស់កម្ពុជា ដោយទទួលបានផ្ការំដួលបីទង ក្នុងដំណើរការប្រឡងប្រណាំងទីក្រុងស្អាត។
ក្រុងជាប់ជ័យលាភីទាំង៧នោះ រួមមាន លំដាប់ទី១.ក្រុងព្រះសីហនុ ទី២.ក្រុងបាត់ដំបង ទី៣.ក្រុងសៀមរាប ទី៤.ខ័ណ្ឌដូនពេញ ទី៥.ក្រុងកែប ទី៦.ក្រុងកំពត និងទី៧.ក្រុងកំពង់ចាម។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បកស្រាយថា ការប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ខ័ណ្ឌ ដែលត្រូវចូលរួមប្រឡងប្រណាំងជាចាំបាច់ ហើយក៏ត្រូវមានការចូលរួមផងដែរពីប្រជាពលរដ្ឋ អ្នកទេសចរ និងភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍ក្រុង ខ័ណ្ឌឱ្យមានបរិស្ថានស្អាត អនាម័យស្អាត គ្មានសំរាមរឹង រាវ បៃតង មានភាពទាក់ទាញទេសចរជាតិអន្តរជាតិទៅទស្សនាកម្សាន្តប្រកបដោយផាសុកភាព និងសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន កត់សម្គាល់ឃើញថា ចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ជាការជំរុញឱ្យទីក្រុងរបស់យើងស្អាត ទាក់ទាញភ្ញៀវទេសចរទៅទស្សនា ហើយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺជាអ្នកដើរតួខ្លាំងក្នុងសកម្មភាពអភិវឌ្ឍន៍ទីក្រុងស្អាត និងទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា ទីក្រុងស្អាតសុពលភាពឆ្នាំ២០២២-២០២៥នេះ មានទីក្រុងស្អាតចំនួន៧ ទទួលបានជ័យលាភីផ្ការំដួលបីទង ក្នុងនោះ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានផ្ការំដួលបីទង មានលំដាប់ពិន្ទុខ្ពស់ជាងគេបង្អស់។ ច្នៃនេះទីក្រុងស្អាតទទួលផ្ការំដួលពីរទង មាន១៧ក្រុង-ខ័ណ្ឌ ទីក្រុងស្អាត ទទួលផ្ការំដួល១ទង មានចំនួន១៤ ក្រុង-ខ័ណ្ឌ និងទីក្រុងប្រឡងមិនទទួលបានផ្ការំដួលមានចំនួន៣៕