យោធាសហរដ្ឋអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃចន្ទថា យោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ពីបទបោសសម្អាតជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសនោះ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំយោធាក្នុងតំបន់ ដែលរៀបចំឡើងដោយប្រទេសថៃ និងសហសហរដ្ឋអាម៉េរិក។
កងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា បានចាប់ផ្តើមប្រតិបត្តិការយោធាក្នុងឆ្នាំ ២០១៧ ដែលបានបង្ខំជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់ ៧៣០០០០នាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងចូលទៅក្នុងប្រទេសបង់ក្លាដែស ជាកន្លែងដែលពួកគេត្រូវបានសម្លាប់ រងនូវការរំលោភសេពសន្ថវៈ និងការដុតបំផ្លាញទ្រព្យសម្បត្តិនានា។ នៅឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើរដ្ឋប្រហារ។
កាលពីឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានកំណត់ជាផ្លូវការថា អំពើហិង្សាដែលបានប្រព្រឹត្តលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ា ត្រូវបានចាត់ទុកថាជាការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាមិញ របបយោធាបានបដិសេធអំពើប្រល័យពូជសាសន៍ ដោយលើកឡើងថា ការបង្រ្កាបរបស់ខ្លួនគឺសំដៅលើក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា ដែលបានធ្វើការវាយប្រហារលើរបបរបស់ខ្លួនតែប៉ុណ្ណោះ។
ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់កំពុងរស់នៅក្នុងជំរំជនភៀសខ្លួនដ៏ច្របូកច្របល់នៅភាគខាងត្បូងប្រទេសបង់ក្លាដែស ដែលជាកន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងក្ដីសង្ឃឹមតិចតួចក្នុងការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
សហរដ្ឋអាម៉េរិក និងថៃកំពុងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) បូករួមជាមួយនឹងក្រុមការងារអ្នកជំនាញស្តីពីសន្តិសុខដែនសមុទ្រ និងសកម្មភាពពាក់ព័ន្ធរបស់ខ្លួន។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឱ្យដឹងថា ការចូលរួមនេះត្រូវបានកំណត់ដោយរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោកវរសេនីយ៍ឯក ម៉ាទី មេនឺរ (Marty Meiners) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានគូសបញ្ជាក់ថា៖ «សហរដ្ឋអាម៉េរិកបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបដោយបង្ខំចំពោះរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យរបបនេះបញ្ចប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងស្តារមាគ៌ារបស់ខ្លួនទៅកាន់លទ្ធិប្រជាធិបតេយ្យ ដើម្បីរួមបញ្ចូលតាមរយៈវេទិកា ADMM-Plus»។
នេះមិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាម៉េរិកអញ្ជើញមីយ៉ាន់ម៉ាមកចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់។ លើសពីនេះ នៅក្នុងឆ្នាំ ២០១៧ មន្ទីរបញ្ចកោណបានអញ្ជើញមីយ៉ាន់ម៉ាជាអ្នកសង្កេតការណ៍នៅក្នុងសមយុទ្ធយោធាពហុជាតិដ៏ធំមួយ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងប្រទេសថៃ៕