សង្គម

អធិការដ្ឋាននគរបាលស្រុកបទុមសាគរ ឆ្លើយតបមកកាន់បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក

ខេត្តកោះកុង÷ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកបទុមសាគរ សូមធ្វើការបំភ្លឺជូនសាធារណជន និងបងប្អូនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បណ្ដាញសារព័ត៌មាន គេហទំព័រសារព័ត៌មាន ពេញចិត្តមេឌា បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា ( ពលរដ្ឋស្នើ លោក យេន តូច អធិការស្រុកបទុមសាគរ បង្ក្រាបល្បែងស៊ីសង បៀរ យ៉ូគី មាន់ជល់ និងអាប៉ោង កំពុងតែលេងយ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់)។ កន្លងមកអធិការស្រុកបទុមសាគរ បានធ្វើការចុះបង្ក្រាប នឹងធ្វើកិច្ចសន្យាចំពោះម្ចាស់ទីតាំង ដែលបានផ្ដល់កន្លែងដល់ក្រុមអ្នកញៀនលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាច្រើនករណីរួចមកហើយ ជាពិសេសឃុំថ្មស ស្រុកបទុមសាគរ។ ចំពោះរូបភាពដែលមានប្រជាពលរដ្ឋលេងបៀរ ក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៣ និងឃ្លីបវីដេអូលេង ជល់មាន់ យ៉ូគី គឺជាឃ្លីបវីដេអូ យូរមកហើយដែលក្រុមអ្នកញៀនលេងល្បែងស៊ីសងលួចលេងកន្លងមក។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបុទមសាគរ បានចុះស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសង ដោយសារព័ត៌មានខាងលើបានចុះផ្សាយ គឺបច្ចុប្បន្នមិនមានដូចព័ត៌មានចុះផ្សាយនោះទេ។

អធ្យាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕