ខណៈដែលជំងឺកូវីដ១៩កំពុងតែរាលដាលខ្លាំង ទាំងក្នុងសាកលលោក ក៏ដូចជាក្នុងតំបន់, ប្រទេសក្នុងអាស៊ានមួយចំនួនបានចេញបំរាម និងក៏ដូចជាបទបញ្ជាថ្មីសម្រាប់ប្រទេសរបស់ខ្លួន ដើម្បីជាវិធានការទប់ស្កាត់ការរាលដាលនេះផងដែរ។
ប្រទេសប្រ៊ុយណេ ៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ អ្នកដំណើរទាំងអស់ដែលទៅកាន់ប្រទេសប្រ៊ុយណេតាមចំណតអាកាសយានដ្ឋានអន្តរជាតិប្រ៊ុយណេ តម្រូវឲ្យស្ថិតក្នុងចត្តាឡីស័ករយៈពេល១៤ថ្ងៃ, ប្រទេសប្រ៊ុយណេ មិនអនុញ្ញាតឲ្យមានការជួបជុំនៅតាមតំបន់ហាមឃាត់ ហើយការបំពានលើរយៈកាលកំណត់ចត្តាលីស័កដែលផ្ទុកនឹងច្បាប់ប្រឆាំងរោគរាតត្បាត ត្រូវប្រឈមការពិន័យ ១ម៉ឺនដុល្លារប្រ៊ុយណេ ឬជាប់ពន្ធនាគាររយៈពេល៦ខែ ឬអាចរងការពិន័យ និងទទួលទោសរួមគ្នា។
ប្រទេសឥណ្ឌូនេស៊ី ៖ រដ្ឋាភិបាលប្រទេសនេះបានបិទប្រទេសទាំងមូលតែម្តង ដោយសូម្បីតែអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ហើយវិធានការនេះ គឺអនុវត្តចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សម្រាប់រយៈពេល១ខែ ឬរហូតដល់មានការជូនដំណឹងជាថ្មី។
ប្រទេសឡាវ ៖ រដ្ឋាភិបាល នៃប្រទេសឡាវ ក៏បានសម្រេចផ្អាកមិនឲ្យមានការចូលប្រទេសខ្លួនជាបណ្តោះអាសន្នផងដែរ តែប្រទេសនេះលើកលែងសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ហើយវិធានការនេះបានចូលជាធរមានចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដោយមានរយៈពេល១ខែ ឬរហូតដល់មានការជូនដំណឹងជាថ្មី។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីឡាវ ក៏បានប្រកាសពីវិធានការមួយចំនួនផងដែរសម្រាប់ពលរដ្ឋខ្លួនដូចជា ពលករដែលវិលត្រឡប់ពីក្រៅប្រទេស ត្រូវដាក់ឲ្យតាមដានសុខភាពនៅផ្ទះចំនួន ១៤ថ្ងៃ, ពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការការពារខ្លួន និងអនាម័យឲ្យបានខ្ជាប់ខ្ជួន, ផ្អាកការជួបជុំ និងការចូលរួមប្រជុំនានា និងអនុញ្ញាតឲ្យបុគ្គលិកបំពេញការងារពីផ្ទះតាមរយៈទូរសព្ទ និងអ៊ីនធឺណេត ហើយជៀសវាងការធ្វើដំណើរឆ្លងភូមិ ឬឆ្លងស្រុក។
ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលបានបិទប្រទេសទាំងមូលរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយក្នុងនោះមានទាំងការបិទកន្លែងសក្ការៈសាសនា និងកន្លែងអាជីវកម្មផងដែរ ដោយលើកលែងតែផ្សារទំនើប ផ្សារសាធារណៈ ហាងលក់គ្រឿងទេស និងហាងលក់របស់របរតូចតាចប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នារដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ក៏បានសម្រេចដាក់ពង្រាយកងទ័ពក្នុងការត្រួតពិនិត្យរាល់ការធ្វើដំណើររបស់ពលរដ្ឋខ្លួនផងដែរ ដោយចាប់អនុវត្តពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ព្រោះប្រទេសនេះបានតម្រូវឲ្យពលរដ្ឋខ្លួនស្នាក់នៅតាមគេហដ្ឋាន ឬទីកន្លែងដែលកំពុងស្នាក់នៅរៀងៗខ្លួន រហូតដល់បទបញ្ជានេះបានបញ្ចប់។
ប្រទេសមីយ៉ាន់ម៉ា (ភូមា) ៖ ប្រទេសមួយនេះមិនបានបិទប្រទេសឡើយ ប៉ុន្តែពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ដែលធ្វើដំណើរមកពីគ្រប់ប្រទេស នឹងត្រូវដាក់ឲ្យនៅកន្លែងពិនិត្យសុខភាពដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន។ សម្រាប់ជនបរទេសដែលធ្វើដំណើរចូលប្រទេសមីយ៉ាន់ម៉ា ត្រូវបង្ហាញភស្តុតាងពីមន្ទីរពិសោធន៍បញ្ជាក់ថា គ្មានការឆ្លងវីរុសកូវីដ១៩ ដែលចេញជូនមិនលើសពី ៧២ម៉ោងមុនពេលឡើងយន្តហោះទៅមីយ៉ាន់ម៉ា ហើយក៏ត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។ ជាមួយគ្នាសម្រាប់អ្នកការទូតទាំងអស់ប្រចាំនៅមីយ៉ាន់ម៉ា រួមទាំងមន្រ្តីអង្គការសហប្រជាជាតិផង ក៏តម្រូវឲ្យបង្ហាញភស្តុតាងបញ្ជាក់ថា គ្មានការឆ្លងកូវីដ១៩ ផងដែរ មុនធ្វើដំណើរតាមយន្តហោះទៅមីយ៉ាន់ម៉ា។
ប្រទេសហ្វីលីពីន ៖ ប្រទេសនេះបានបិទស្ថាប័នរដ្ឋ សាលារៀន និងគ្រឹះស្ថានឯកជន ចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០, សម្រាប់ជនបរទេសទាំងអស់ដែលអាចអនុញ្ញាតឲ្យចូលហ្វីលីពីនបាន លុះត្រាតែមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាលជាមុន ហើយក្នុងករណីទិដ្ឋាការរបស់ពួកគេមានសុពលភាព ពួកគេអាចជ្រើសរើសក្នុងការស្នាក់នៅប្រទេសហ្វីលីពីនបាន តែត្រូវគោរពវិធានការរបស់រដ្ឋបាលមូលដ្ឋាន ហើយជនបរទេសដែលរំលោភលើលក្ខខណ្ឌពេលវេលា អាចនឹងមានវិធានការផ្លូវច្បាប់។
ប្រទេសសឹង្ហបុរី ៖ អ្នកដំណើរទាំងអស់ដែលចូលសិង្ហបុរី ត្រូវកំណត់ឲ្យស្នាក់នៅផ្ទះរយៈពេល១៤ថ្ងៃ ដោយបញ្ជាក់ពីអាសយដ្ឋានច្បាស់លាស់ និងត្រូវយកសំណាកទៅពិនិត្យរកវីរុសកូវីដ១៩, បន្ថែមលើលក្ខខណ្ឌស្នាក់នៅផ្ទះរយៈពេល១៤ថ្ងៃ អ្នកដំណើរនៃប្រទេសជាសមាជិកអាស៊ាន ដែលចូលសិង្ហបុរីរយៈពេលខ្លី ត្រូវដាក់សុំការពិនិត្យព័ត៌មានចាំបាច់នៅស្ថានទូតសឹង្ហបុរីដែលនៅប្រចាំប្រទេសនោះ មុនពេលចូលសិង្ហបុរី។
ប្រទេសថៃ ៖ នាយករដ្ឋមន្រ្តីប្រទេសនេះ បានដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយអ្នកដំណើរតាមយន្តហោះចូលប្រទេសថៃ ចាំបាច់ត្រូវត្រៀមឯកសារមួយចំនួន ដើម្បីទុកបង្ហាញដល់ប្រតិបត្តិករអាកាសចរណ៍ដូចជា ៖ ១.សំបុត្របញ្ជាក់សុខភាព (មានសុពលភាពមិនលើសពី ៧២ម៉ោង មុនកាលបរិច្ឆេទនៃការធ្វើដំណើរ) និង ២.ឯកសារធានារ៉ាប់រងសុខភាពដែលបញ្ជាក់ទឹកប្រាក់ធានារ៉ាប់រងទាបបំផុត ១០ម៉ឺនដុល្លារ ដែលគ្របដណ្តប់ប្រទេសថៃផង និងរ៉ាប់រងលើជំងឺកូវីដ១៩ផងដែរ ហើយពេលចូលទឹកដីថៃ អាចមានលក្ខខណ្ឌដាក់ឲ្យនៅដាច់ពីគេ ស្ថិតក្រោមការឃ្លាំមើល។
ប្រទេសវៀតណាម ៖ ប្រទេសនេះបានផ្អាកការផ្តល់ទិដ្ឋាការជាបណ្តោះអាសន្នដល់ជនបរទេសទាំងអស់ដែលមានបំណងចូលប្រទេសខ្លួនតាំងតែពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ហើយក្នុងករណីពិសេស ដូចជាអ្នកជំនាញការ ធុរជន ពលករដែលមានជំនាញខ្ពស់ ពេលចូលប្រទេសវៀតណាម ត្រូវមានលិខិតបញ្ជាក់ថា មិនមានផ្ទុកវីរុសកូវីដ១៩ ហើយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបែបបទយ៉ាងតឹងរ៉ឹងតាមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង ដោយដាក់ឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃចូលវៀតណាម៕