បាត់ដំបង៖ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនៅថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២៣ មានករណីលង់ទឹកបណ្ដាលឲ្យមនុស្សចំនួន២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅទីតាំងចំនួន០២ ផ្សេងគ្នា។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានបន្តថា ករណីទី១៖ បានកើតឡើងនៅវេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានអាយុ ៨៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ដោយសារលង់ទឹកស្រះខាងមុខផ្ទះ។
ករណីទី២៖ បានកើតឡើងនៅវេលាម៉ោង៨៖៣៥នាទីព្រឹក ថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ នៅចំណុចអន្លង់កំពូល ក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង ដែលជនរងគ្រោះមានអាយុ ២៩ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ជនរងគ្រោះបានយកមងទៅដាក់ត្រីនៅចំណុចអន្លង់កំពូល ក្នុងស្ទឹងសង្កែ ភូមិអូរល្មូន ឃុំផ្លូមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង ក៏បណ្តាលឱ្យលង់ទឹកស្លាប់ក្រោយចុះដាក់មងក្នុងទឹកស្ទឹងសង្កែ។
ប្រភពបន្ថែមថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សាកសពឱ្យខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕