សង្គម

ក្រុមចោរឆក់០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿង
១. ម៉ាក BEAT ពណ៌ស លាយខៀវ ស្លាកលេខ 1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) ២.ម៉ាកNEX ពណ៌ស លាយខៀវ ស្លាកលេខ 1JW-0760 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព)
៣.ស្លាកលេខម៉ូតូចំនួន ០១ (1TF-1518 ភ្នំពេញ)។

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖
១/ឈ្មោះ អូក ឆាយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
២/ឈ្មោះ ណោង វុទ្ធីគីមឡាយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
៣/ឈ្មោះ វា វាសនា ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
៤/ឈ្មោះ មាស រតនៈ ហៅអាហ៊ីង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្ក ខណ្ឌដង្កោ។

កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៨ៈ១០នាទី ថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង កែងបុរី ប៊ុន លី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានក្រុមជនសង្ស័យចំនួន០៥នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះពុំបានសម្រេច ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការស្ទាក់ចាប់បានជនសង្ស័យម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ រហូតមកដល់រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ទៀតជាបន្តបន្ទាប់។ ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។

ជនសង្ស័យទាំង០៤នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕