ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សដប់នាក់ និងបង្កអោយដប់នាក់ទៀតរងរបួសនៅក្លិបរាំបាល់ឡេក្នុងតំបន់ឡូសអ៊ែនជើឡេសមួយក្រោយការប្រារព្វពិធីអបអរការចូលឆ្នាំចិនថ្មី ជាហេតុនាំមានការតាមប្រមាញ់ជនសង្ស័យនៅក្នុងការបាញ់សម្លាប់មនុស្សច្រើនៗលើកទីប្រាំនៅអាម៉េរិកនៅក្នុងខែមករានេះ។
អនុសេនីយ៍ឯក អ៊ែនឌ្រូ មេយ័រ (Andrew Meyer)នៅនាយកដ្ឋានតម្រួតឡូសអ៊ែនជើឡេស បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនិងស្ថានភាពរបួសរបស់គេមានពីនឹងនរដល់ធ្ងន់។មនុស្សដប់នាក់បានស្លាប់នៅនឹងកន្លែងនៅក្នុងទីក្រុង ម៉ុនធឺរ៉េ ផាក(Monterey Park)នៅជាយក្រុងឡូសអ៊ែនជើឡេស។
លោកមេយ័របាននិយាយថា មនុស្សម្នាបានរត់ចេញពីកន្លែងកើតហេតុទាំងស្រែកភ័យនៅពេលតម្រួតបានទៅដល់នៅម៉ោង១០កន្លះយប់ថ្ងៃសៅរ៍។ក្រុមតម្រួតបានឆ្ពោះទៅកាន់សាលរាំនិងបានឃើញជនរងគ្រោះនៅពេលបុគ្គលិកអគ្គិភ័យកំពុងព្យាបាលអ្នករងរបួស។ជនល្មើសជាបុរសកំពុងរត់គេចខ្លួន។
លោកក៏បាននិយាយថា ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតឧបទ្ទវហេតុមួយទៀតនៅទីក្រុងអាល់ហាមប្រា (Alhambra)ក្បែរនោះ។ពួកមន្ត្រីមិនបានផ្តល់ព័ត៌មានថាមានអ្វីបានកើតនៅទីនេះទេនិងគេក៏មិនដឹងថាតើឧបទ្ទវហេតុនេះមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ ទីក្រុង ម៉ុនធឺរ៉េ ផាកដែរឬអត់។
ការបាញ់ប្រហារកើតមាននៅទីក្រុង ម៉ុនធឺរ៉េ ផាក កន្លែងដែលអំពូលភ្លើងក្រហមត្រូវបានតុបតែងតាមដងវិថីដើម្បីអបអរឆ្នាំថ្មីរបស់ប្រជាជនចិន។ការអបអរការចូលឆ្នាំថ្មីរបស់ប្រជាជនចិននិងកាត់ចិននៅទីក្រុង ម៉ុនធឺរ៉េ ផាក ជាពិធីធំបំផុតនិងទាក់ទាញមនុស្សរាប់ម៉ឺននាក់។អ្នកស្រុកនៅទីក្រុងម៉ុនធឺរ៉េ ផាក ភាគច្រើនជាជនអន្តោប្រវេសន៍ទៅពីចិន ឬជនជាតិអាម៉េរិកដើមកំណើតអាស៊ីជំនាន់ទីមួយ។
សូមបញ្ជាក់ថា វាជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនៗលើកទីប្រាំនៅអាម៉េរិកចាប់តាំងពីដើមឆ្នាំ២០២៣និងជាការសម្លាប់មនុស្សច្រើនបំផុតនៅអាម៉េរិកចាប់តាំងពីថ្ងៃ២៤ ឧសភា ឆ្នាំ២០២២ ពេលដែលមនុស្ស២២នាក់ត្រូវបានសម្លាប់នៅសាលារៀនមួយក្នុងក្រុងយូវ៉ាល់ដេ(Uvalde) រដ្ឋតិចសាស់៕