សង្គម

រដ្ឋមន្ត្រីកសិកម្មបង្ហើបគម្រោងបង្វែអ្នកនេសាទធម្មតាឱ្យក្លាយជាអ្នកជំនួញវារីវប្បកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីការបង្កើតគម្រោងថ្មី ដើម្បីបង្វែជីវភាពអ្នកនេសាទធម្មតាឱ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម។ ការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្ម ធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) កាលពីថ្ងៃព្រហស្បត្តិ៍។

នៅក្នុងការអនុវត្តគម្រោងទៀតសោត ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការគ្រប់គ្រង និងការចំណាយថវិកា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការសិក្សាពីការដាក់បញ្ចូលគ្នារវាងការទទួលបានកម្ចី និងការធានារ៉ាប់រង ដើម្បីជួយឱ្យកសិករមានលទ្ធភាពសងត្រលប់។ ឯកឧត្តមបានលើកឡើងផងដែរ អំពីការកាត់បន្ថយនូវថ្លៃដើម និងកម្លាំងពលកម្ម ដូចជាការប្រើប្រាស់ថាមពលសូឡានៅពេលថ្ងៃ និងការប្រើប្រាស់ថាមពលអគ្គិសនីនៅពេលយប់សម្រាប់បូមទឹក ដែលមានតម្លៃទាបសម្រាប់វិស័យកសិកម្ម។

ក្នុងជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Sandrine BOUCHER បានពិភាក្សាអំពីកម្មវិធីគម្រោងដែលកំពុងអនុវត្ត និងគម្រោងសម្រាប់ពេលអនាគត ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា គឺជាដៃគូសហប្រតិបត្តិការមួយចាំបាច់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ និងទីផ្សារនាំចេញ៕