ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៣ លោក QIU RUIXIAN (ឆីវ រុយ ស៊ាង )ជនជាតិចិន អាយុ៥២ រស់នៅខេត្តព្រះសីហនុ បានធ្វើដំណើរមកភ្នំពេញ ដាក់ពាក្យបណ្តឹង១ច្បាប់ ជូន ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំជួយរកយុត្តិធម៌ និងសុំផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ក្នុងសំណុំរឿងអនុវត្តរក្សាការពារលខ០៨០ ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយបណ្តេញជនជាតិចិនរូបនេះចេញពីសំណង់អគារ១០ជាន់ ស្មើ១១០បន្ទប់ ដែលខ្លួនបានជួលដីគេ វិនិយោគសាងសង់អស់ទឹកប្រាក់សរុបជាង ៣លានដុល្លារអាមេរិក។
តាមពាក្យបណ្តឹងនោះ បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោកបាទបានចុះកិច្ចសន្យាជូលអចលនវត្ថុ១កន្លែងទំហំ ៦០៤ ម៉ែត្រការ៉េ រយៈពេល១៥ឆ្នាំ ពី ឈ្មោះ គឹម ហោ ភេទស្រី ទីតាំងដីជួលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយចុះកិច្ចសន្យាជួលរួច លោកបានចាប់ផ្តើមសាងសង់អគារកំពស់១០ជាន់ មាន១១០បន្ទប់ ព្រមទាំងបានបំពាក់សម្ភារ បរិក្ខាផ្សេងៗ និងគ្រឿងសង្ហារឹមជាច្រើន សរុបថវិកាចំណាយអស់ជាង ៣លានដុល្លារអាមេរិក ដើម្បីប្រកបអាជីវកម្មចិញ្ចឹមជីវិត។
មកដល់ចុងឆ្នាំ២០១៩ ជំងឺកូវីដ១៩បានរីករាលដាលខ្លាំង បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មរបស់លោកជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ គ្មានអតិថិជន ជាហេតុមិនអាចបំពេញកាតព្វកិច្ចបង់ថ្លៃជួលដីតាមកិច្ចសន្យាបាន។ ទោះជាយ៉ាងណា លោកខិតខំសម្របសម្រួល និងបង់ថ្លៃជួលដីជូនម្ចាស់ដីជាបន្តបន្ទាប់តាមដែលអាចធ្វើបាន ប៉ុន្តែម្ចាស់ដីមិនសុខចិត្ត មិនព្រមយោគយល់ជួយសម្រួល ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩ ហើយថែមទាំងបានប្តឹងទៅតុលាការ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងអគារដែលលោកបានសាងសង់ចំណាយអស់ប្រាក់ជាច្រើន និងប៉ុនប៉ងបណ្តេញលោកចេញ ដោយគ្មានសំណង ផលប្រយោជន៍អ្វីទាំងអស់ ហើយសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចសេចក្តីបណ្តេញលោកចេញ តាមពាក្យបណ្តឹងរបស់ម្ចាស់ដីផងដែរ ដោយមិនសុខចិត្តលោកបានប្តឹងទៅសាលាឧទ្ធរណ៍ ដែលករណីនេះតុលាកាកំពុងចាត់ការ ស្រាប់តែ លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានជូនដំណឹងឱ្យលោកចាកចេញពីទីតាំងជួលនិងអគារបស់លោក ត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ជាកំហិត បើមិនដូច្នេះនឹងចុះអនុវត្តដោយបង្ខំជាមិនខាន។
ទន្ទឹមនោះ ម្ចាស់ដី ជាពិសេស កូនឈ្មោះ ស៊ុន សុផាត ជាស្នងការរងនគរបាលខេត្តព្រះសីហនុ តែងធ្វើទុក្ខបុកម្នេញ បញ្ជាឱ្យបក្ខពួកច្រើននាក់ មានទាំងមន្ត្រីនគរបាលផងដែរ យកសោរមកចាក់ខ្ទប់ទ្វារមិនឱ្យលោកចេញចូល មកកាត់សោរចូលដោយខ្លួនឯង និងបង្ខំឱ្យផ្តិតមេដៃរំលាយកិច្ចសន្យា បណ្តេញលោកចេញជាច្រើនលើកច្រើនដង មានទាំងពេលថ្ងៃនិងពេលយប់។
លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន អគារ១០ជាន់លោក បានដំណើររើបៗឡើងវិញ (៥០ថ្ងៃប៉ុណ្ណោះ) ហើយទទួលភ្ញៀវស្នាក់នៅអចិន្ត្រៃយ៍បានចំនួន៦០បន្ទប់ មានជនជាតិចិននិងខ្មែរ ព្រមទាំងមានបើកអាហារដ្ឋានបម្រើអតិថិជន នៅជាន់ផ្ទាល់ដី ចំនួន០២កន្លែងផងដែរ។
នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានយើងពុំអាចសុំការបំភ្លឺជាមួយអ្នកពាក់ព័ន្ធខាងលើនេះបានេទ ហើយសារព័ត៏មានយើងរងចាំការបកស្រាយជាមួយអ្នកពាក់ពន្ធ័នូវរាល់ម៉ោងធ្វើការ៕