សង្គម

សម្តេច ហ៊ុន សែន ទុករយៈពេល​១ខែ ឲ្យ​លោក គង់ គាំ ប្រគល់ផ្ទះ និង​ដី​មក​ក្រសួងការបរទេសវិញ

ភ្នំពេញ – ក្នុងសារហ្វេសប៊ុក កាលពីយប់ថ្ងៃទី១១ មករា ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ទៅ​លោក គង់ គាំ ដែល​គេដឹងថា គឺជា​មន្រ្តីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន ប្រគល់​មក​ឲ្យរដ្ឋវិញ​នូវ​ផ្ទះ និង​ដីដែលកំពុងស្នាក់អាស្រ័យ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ទៅ​លោក គង់ គាំ ចំនួន៣ ចំណុច ៖

ទី១-តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្រ្តីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។

ទី២-នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្រ្វេសញ៉ូ គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។

ទី៣-ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ៕