សង្គម

សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល ស.ជ.ណ ពាក់ព័ន្ធលោកស្រី សៀង ចាន់ហេង សិន រង់ចាំការសម្រេចពេលក្រោយ

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចលុបចោ ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ ចាប់ពីម៉ោងនេះតទៅពាក់ព័ន្ធលោកស្រី សៀង ចាន់ហេង។

យោងតាមសារសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅតាម Facebook ផ្លូវការសម្តេចនៅមុននេះបន្តិចថា «១ថ្ងៃនេះ មានការផ្សាយយ៉ាងព្រោងព្រាត នូវ ស.ជ.ណទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើរ របស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ(សម្តេចតេជោ ហ៊ុន សែន )​កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់ មុនពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ ខ្ញុំសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត នឹងធ្វើក្រោយពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ»។

សូម​បញ្ជាក់ថា ស.ជ.ណ ចុះថ្ងៃទី៥ មករា របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលត្រូវចែកចាយ​នៅលើ​បណ្តាញ​សង្គម គឺជា ស.ជ.ណ ជម្រាបទៅរដ្ឋមន្ត្រីមហាផ្ទៃ និងអភិបាលខេត្តកណ្ដាល ឱ្យចាត់នីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអាយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល៕