ខេត្តតាកែវ ៖ ពលរដ្ឋនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ទទូចស្នើសុំទៅលោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយអន្តរាគមន៍ទៅលោកអភិបាលស្រុក រស់ ប៊ុនធឿន ដែលបានស៊ីញ៉េ ប្រគាល់សិទ្ធកាន់កាប់ចាត់ចែងទឹកប្រឡាយ សម្រាប់ស្រោចស្រពផលដំណាំទៅឲ្យបុគ្គលឯកជន ទាំងដែលពួកគាត់កំពុងប្រើប្រាស់ អាស្រ័យផលប្រចាំថ្ងៃសុខៗ។
យោងតាមលិខិតមួយបានបង្ហាញថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ខេត្តតាកែវ បានស៊ីញ៉េអនុញ្ញាតិប្រគាល់ប្រឡាញទឹកទៅឲ្យឈ្មោះ ផាន់ ដា កាន់កាប់ចាត់ចែងលក់ទឹកទៅឲ្យប្រជាពលរដ្ឋធ្វើស្រែចំការ ទាំងដែលពួកគាត់កំពុងប្រើប្រាស់អាស្រ័យផលជាប្រចាំថ្ងៃសុខៗ។ មិនតែប៉ុណ្ណោះការប្រគាល់សិទ្ធនេះ គឺមិនបានឆ្លងកាត់ការពិភាក្សាពីពលរដ្ឋ ពីមន្ទីរជំនាញខេត្ត ឬក៏ការដេញថ្លៃផ្គត់ផ្គង់តាមក្បួនច្បាប់នោះទេ។
ក្រុមប្រជាពលរដ្ឋនៅភូមិ ឃុំខាងលើបញ្ជាក់ថា ប្រឡាយទឹកដែលចៅហ្វាយស្រុកប្រគាល់ឲ្យបុគ្គលខាងលើគ្រប់គ្រង គឺបម្រើផលប្រយោជន៍ស្រោចស្រពដីស្រែពួកគាត់៤០ហិកតា។ ហើយអ្វីដែលពួកគាត់ហួសចិត្តនោះ គឺមានលេចមុខជនមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានតាំងខ្លួនជាខ្សែឧបៈ ខ្សែអ្នកធំ មកជួយសម្រួលការងារ ឲ្យឈ្មោះ ផាន់ ដា នេះទៀតផង។
ជុំវិញការស៊ីញ៉េប្រគាល់ប្រឡាយទឹកទៅឲ្យបុគ្គលឯកជនកាន់កាប់ ធ្វើឲ្យមានការតវ៉ាពីប្រជាពលរដ្ឋនេះ លោក រស់ ប៊ុនធឿន មិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទមិនចូល។
សូមរំឮកផងដែរថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលគេមើលឃើញថា ចូលចិត្តដើរច្រៀងខារ៉ាអូខេ ផឹកស៊ី សឹងតែរាល់ថ្ងៃកំពុងបង្កើតរឿងអាស្រូវពេញស្រុក បង្កើតបក្ខពួកប្រព្រឹត្តអំពើពុករលួយ ដូចជាករណីកាយថ្មភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រលក់ បញ្ជាមន្ត្រីក្រោមឳវាទចុះទៅវាស់វែងដីមានទំនាស់តាមភាគីម្ខាងបញ្ជាទាំងទទឹងទិសខុសទៅនិងនីតិវិធីទៀត លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុននេះ បានដឹកនាំមន្ត្រីទាំងប្រុស ទាំងស្រី ក្នុងសាលាស្រុកចូលច្រៀងខារ៉ាអូខេទាំងថ្ងៃក្នុងម៉ោងធ្វើការទៀតផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299