កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលជាប្រភពផ្គត់ផ្គង់ទឹកសាបសម្រាប់ក្រុងព្រះសីហនុបានបាក់បណ្តាលឱ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប បំផ្លាញក្បាលបូមមួយកន្លែង សម្រាប់នាំទឹកទៅស្ថានីយទី៣បណ្ដាលឱ្យផ្អាកដំណើរការ ធ្វើឱ្យការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុមានការខ្វះខាត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ថានីយចម្រោះទឹកស្អាតនៅទំនប់ទី២ អាចផ្គត់ផ្គង់ទឹកស្អាតបាន៣លានម៉ែត្រគូប។ ប៉ុន្តែដោយសារការបាក់ទំនប់ទី៣នេះ ក៏បានធ្វើឱ្យគាំងម៉ាស៉ីន១គ្រឿងក្នុងចំណោម២គ្រឿង មិនអាចដំណើរការទៅបានដោយសារតែ កន្លែងទំនប់ទី២បានបាក់ ហើយក៏បាក់ទាំងម៉ាស៉ីនបូមទឹកនៅទីនោះ ដែលសម្រាប់ផ្គត់ផ្គង់ឱ្យទៅស្ថានីយទី៣ ដូច្នេះទើបធ្វើឱ្យស្ថានីយចម្រោះទឹកទី៣ គាំងលែងដំណើរការតែម្ដងដែលមុននេះស្ថានីយទាំង២នេះ គឺដំណើរការទាំង២សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង។
ឯកឧត្តម បន្តថា តាមធម្មតា មានម៉ាស៉ីន២ដែលត្រូវដំណើរការរៀងរាល់ថ្ងៃ តែដោយសារមានបញ្ហានេះទៅ ក៏សល់តែម៉ាស៉ីន១គ្រឿងប៉ុណ្ណោះ ដែលកំពុងដំណើរការចម្រោះទឹកកខ្វក់នោះ។ ទោះបីមិនគ្រប់គ្រាន់ តែក៏មិនអត់សោះដែរ។ ជាមួយគ្នានេះដែរ លោកបានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងខេត្ត ខណៈអាជ្ញាធរ និងក្រុមហ៊ុនក៏កំពុងដុតដៃដុតជើងរកវិធីជួសជុលដើម្បីដំណើរការឡើងវិញឱ្យបានឆាប់។
យោងតាមមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ គឺក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី៧៤០០០ទៅ៨០០០០ម៉ែត្រគូប។ ការផលិតទឹកស្អាតនេះគឺនៅសង្កាត់ក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ។ ការផលិតមានស្ថានីយចំនួន៣។
ការផលិតនៅស្ថានីយទី២នេះ គឺបានតែពាក់កណ្ដាលនៃការផ្គត់ផ្គង់នោះទេ ដូចស្ថានីយផ្សេងគឺនៅអាចផ្គត់ផ្គង់ពាក់កណ្ដាលទៀត៕