ពិតជាខ្លាំង មន្ទីរពហុព្យាបាល និង សម្ភព កែវការីណូ ស្ថិតនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាលសម្រេចឱ្យផ្អាកដំណើរការ មិនឱ្យទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ ពេលនេះបានបើកដំណើរការ ដោយគឃ្លើន។
ការបើកដំណើរការឡើងវិញនៅមន្ទីរពហុព្យាបាល កែវ ការីណូ ខាងលើនេះ មហាជនជាច្រើនកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមន្ទីរពេទ្យមួយនេះបានប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលធាតុពិតលោកវេជ្ជបណ្ឌិត កែវ ការីណូ រូបនេះ បានទទួលមរណភាពជាយូរណាស់មកហើយ ចុះហេតុអ្វីនៅតែបន្តយកឈ្មោះវេជ្ជបណ្ឌិតដែលជាឈ្មោះខ្មោចយកមកបើកដំណើរការព្យាបាលជំងឺ។ ហើយការបើកដំណើរការមន្ទីរពេទ្យមួយនេះ បើសិនជាមានករណីអ្នកជំងឺស្លាប់ ដោយសារពេទ្យខ្វះវិជ្ជាជីវៈតើអ្នកណាទទួលខុសត្រូវ ឬក៏គ្រាន់តែបង់លុយសងជំងឺចិត្តជាការស្រេច។
ករណីបើកដំណើរការឡើងវិញនៅមន្ទីរពេទ្យខាងលើនេះលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានយើងឱ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះថា «ទោះយ៉ាងណាក៏មិនឱ្យមន្ទីរពេទ្យខាងលើនេះបើកដំណើរការវិញបានដែរ»។ ប្រធានមន្ទីរសុខាភិបាល លោក ងី មានហេង បានបន្ថែមឱ្យដឹងដែរថា៖ លោកបានបញ្ជាឱ្យមន្ត្រីក្រោមឪវាទចុះទៅពិនិត្យហើយ តែមិនទាន់ទទួលបានរបាយការណ៍នោះទេ។
ទាក់ទិនទៅនឹងការបើកដំណើរការឡើងវិញនូវមន្ទីរពេទ្យខាងលើនេះ នៅថ្ងៃទី០៤ មករា២០២៣នេះ ក្រុមការងារខាងសារព័ត៌មានយើង បានទំនាក់ទំនងទូរស័ព្ទសុំការបំភ្លឺពីខាងម្ចាស់មន្ទីរពេទ្យ ជុំវិញមានច្បាប់ឬយ៉ាងណាទើបបានបើកដំណើរការបាន តែខាងម្ចាស់មន្ទីរពេទ្យរូបនោះមិនបានផ្តល់ការបំភ្លឺនោះទេ ពោលគឺគ្រាន់តែឮសំណួរស្រាប់តែភ័យហើយក៏ចុចបិទទូរស័ព្ទខលលែងលើកតែម្តង។
ចំណែកឯអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក៏ក្រុមការងារខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននោះដែរ ព្រោះទូរស័ព្ទខលចូលគ្មានអ្នកទទួល Whatsapp Block ដោយមិនចង់ទទួលបានព័ត៌មានពីអ្នកសារព័ត៌មាន។
សូមរំលឹកថា កាលពីខែតុលាឆ្នាំ២០២២ មន្ទីរពហុព្យាបាល និងសម្ភព កែវការីណូ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខាងលើនេះត្រូវបានក្រសួងសុខាភិបាលសម្រេចឱ្យផ្អាកដំណើរការមិនឱ្យទទួលពិនិត្យព្យាបាលអ្នកជំងឺនោះទេ! ហើយការឱ្យផ្អាកនេះគឺបន្ទាប់ពីដឹងថាមន្ទីរពេទ្យមួយនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល! (ពោលគឺ) ប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលបានទទួលមរណភាពបាត់ទៅជាយូរណាស់មកហើយ។ មិនតែប៉ុណ្ណោះក្រសួងក៏បានឱ្យម្ចាស់មន្ទីរពេទ្យធ្វើការគ្របក្រណាត់ក្រហមលើផ្ទាំងផ្លាកសញ្ញាមន្ទីរពេទ្យ និងសរសេរជូនដំណឹងបិទនៅមុខគ្លីនិកថា ផ្អាកទទួលពិនិត្យនិងព្យាបាលជំងឺ។
តែផ្ទុយទៅវិញម្ចាស់មន្ទីរពហុព្យាបាល កែវ ការីណូ មួយកន្លែងខាងលើនេះ នៅតែគឃ្លើនហ៊ានបើកដំណើរការដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយ។ ចំណែកឯមន្ត្រីពាក់ព័ន្ធហាក់ដូចជាសម្ងំស្ងៀមដូចជាត្រូវថ្នាំសណ្ដំ។
ករណីនេះមហាជនជាច្រើនក៏លើកជាចម្ងល់ចំពោះការបើកឡើងវិញនៅមន្ទីរពេទ្យខាងលើនេះ ដោយលើកឡើងថា «រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង គួរតែមានវិធានការទប់ស្កាត់បែបណា ឬក៏បណ្តែតបណ្ដោយរហូតដល់មានករណីផ្សេងៗកើតឡើង ដូចជាការស្លាប់អ្នកជំងឺ ទើបចាប់ផ្ដើមជ្រែកជើងគ្នារកខុសត្រូវ»។ (ដូចជាករណីកាត់ពោះវៀនច្រឡំថាទងសុខ)។
ហើយមហាជនក៏មានការសង្ស័យយ៉ាងខ្លាំង ចំពោះមន្ទីរពេទ្យ មួយនេះ ដែលហ៊ានបើកដំណើរការបំពានលើកិច្ចសន្យា ដោយមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ ឬមួយក៏មានអ្នកណាម្នាក់កាងនៅពីក្រោយ ទើបបានជាហ៊ានធ្វើអ្វីស្រេចតែ អំពើចិត្ត៕
ជុំវិញទៅហ្នឹងការចុះផ្សាយខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺពីម្ចាស់មន្ទីរពេទ្យ និងមន្ត្រីជំនាញពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299