សង្គម

កម្លាំងព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយកម្លាំងអធិការក្រុងតាខ្មៅ បង្ក្រាបអ្នកលេងល្បែងសុីសងជល់មាន់ក្របួចជាប់បាន១២នាក់!

កណ្តាល៖ ក្រុមបញ្ជល់មាន់ទ្រង់ទ្រាយធំប្រចាំសង្កាត់ស្វាយ រលំ ក្រុងតាខ្មៅ ដែលពលរដ្ឋលាន់មាត់គ្រប់គ្នានោះ បានត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលនៃអធិការក្រុងតាខ្មៅ ក្របួចជាប់បាន១២នាក់ ម៉ូតូជាង២០គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត ។

ហេតុការណ៌បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីនៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែងមិនស្គាល់ម្ចាស់មានចិញ្ចឹមក្ងាននិងមាន់ជល់ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៌ ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនសង្ស័យមានចំនួន១២នាក់។លោកស្នងការរងបានបញ្ជាក់ទៀតថា កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើមានប្រជាពលរដ្ឋរាយកការណ៍មក កំលាំងសមត្ថកិច្ចក្រុងតាខ្មៅថាមានករណីលេងល្បែងជល់មាន់នៅចំណុចដីឡូតិ៍ភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលលឺដូចនោះលោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅបានបញ្ជាលោកវរៈសេនីយ៍ទោ ពៅ បារមី អធិការរងផ្នែកព្រហ្មទណ្ឌអោយដឹកនាំកំលាំងសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តចុះមកដល់ទីតាំងជល់មាន់ដកហូតបានវត្ថុតាងមួយចំនួនយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕