កំពត៖ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានប្រកាសបដិសេធចោលទាំងស្រុងចំពោះម្ចាស់គណនីឈ្មោះ «An na Rose» ដែលបានសរសេរថា «ខ្ញុំមិនមែនស្រីរកសុី ស្រីសំផឹង រឺ ស្រីខូចទេ សំខាន់អ្នកឯងឆាតមកបែបមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំ ហើយក៏ខ្ញុំមិនខ្វល់ថា អ្នកឯងជាអ្នកណាដែរ ព្រោះខ្ញុំមិនដែលស្គាល់អ្នកឯង សំខាន់ខ្ញុំគឺជាមនុស្សស្រី ខ្ញុំក៏មានតំលៃនិងកិត្តិយសរបស់ខ្ញុំដែរ ហេតុអីក៏មើលងាយខ្ញុំដល់ថ្នាក់នេះ ខ្ញុំឈឺចាប់ណាស់ជីវិតមួយនេះគេចាំតែមើលងាយជាន់ពន្លិច ខ្ញុំហត់ណាស់»។
ម្ចាស់គណនីឈ្មោះ «An na Rose» បានបន្តថា «ខ្ញុំមិនមែនស្រីសំផឹង រឺស្រីខូច រឺស្រីលក់ខ្លួនទេ ហើយខ្ញុំមិនដែលស្គាល់អ្នកឯងទេ សុខៗឆាតមកញ៉ែខ្ញុំតាមtelegram ហើយនិយាយប្រើពាក្យមិនសមរម្យដាក់ខ្ញុំ មនុស្សម្នាក់ៗកើតមកមានតំលៃនិងកិត្តិយសរៀងៗខ្លួន អ្នកឯងមានកូនស្រីទេ បើគេឆាតចឹងទៅកូនស្រីអ្នកឯង តើអ្នកឯងមានអារម្មណ៍បែបណា? ថោកទាបគ្មានលេខដាក់ ហេតុអីក៏មើលងាយគេបែបនេះ?»។
ជាការឆ្លើយតបចំពោះម្ចាស់គណនីឈ្មោះ «An na Rose» ខាងលើនេះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះ មិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញា ឬទៅអ្នកដ៏ទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរសព្ទ័ខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមឲ្យកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើឲ្យប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ»៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299