កណ្ដាល៖ នៅទីបំផុត, ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលលោក អ៊ុក សុវណ្ណារិទ្ធ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យជាមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «ឆបោក» តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល កាលអំឡុងឆ្នាំ២០២០។
ជនត្រូវចោទឈ្មោះ ធូក ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ជនត្រូវចោទនេះ ត្រូវបានកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
គួររំលឹកថា មូលហេតុដែលឈានដល់ឃាត់ខ្លួនជនត្រូវចោទជាមន្ត្រីនគរបាលខាងលើ។បន្ទាប់ពីមានពាក្យបណ្តឹង ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណី «ឆបោក» លុយ។
ជនត្រូវចោទខាងលើបានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀតរាប់មុឺនដុល្លារក៏មាន ហើយមានចេតនាមិនសង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299