សង្គម

កម្លាំងនគរបាលអធិការដ្ឋានស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់ម៉ូតូ)!

(ខេត្តតាកែវ)៖ សូមរំលឹកថា នៅថ្ងៃ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៤ ខែធ្ន ឆ្នាំ២០២២ វេលាម៉ោង១៦,១៥នាទី នៅចំណុចភូមិពេជ្រចង្វា ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីធ្វើឱ្យខូចខាតដោយចេតនាកើតឡើង បង្កដោយក្មេងស្ទាវមួយក្រុមមានគ្នាជាង ១០នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួនប្រហែល ០៧ទៅ ០៨គ្រឿង បានធ្វើសកម្មភាពស្ទាក់កាប់ ម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ស ពាក់ស្លាកលេខ តាកែវ1Y.5341 របស់ម្ចាស់ម៉ូតូឈ្មោះកែវ វ៉ាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បណ្ដាលឱ្យម៉ូតូរងការខូចខាត ប៉ុន្តែម្ចាស់ម៉ូតូមិនមានរបួសទេ រួចក្រុមជនសង្ស័យបានកាត់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់។

ក្រោយពីទទួលបានបណ្ដឹង និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួល ពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំងអធិការនគរបាលស្រុកព្រៃកប្បាស បានធ្វើចាត់កម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញអធិការស្ថាននគរបាលស្រុកព្រៃកប្បាស កំណត់មុខសញ្ញាបានចំនួន១៤នាក់ នឹងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299